ប៉ូលីសនៅក្នុងទីក្រុង Bangalore ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌាបានចាប់ខ្លួន បុរសចំនួន ៤នាក់ ពីបទរំលោភបូកលើស្ត្រីវ័យក្មេងម្នាក់អាយុ ១៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមាន ប៊ីប៊ីស៊ី (BBC) កាលពីថ្ងៃម្សិលមិញនេះ។
ក្មេងស្រីជំទង់រងគ្រោះ ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងបន្ទប់សណ្ឋាគារមួយ និងត្រូវបានរំលោភជាច្រើនសារ ក្នុងរយៈពេល ១០ថ្ងៃ។
អ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ ក៏ជាជនជាប់ចោទម្នាក់ក្នុងករណីរំលោភបូកនេះផងដែរ។
ប៉ូលីសនិយាយថា ជនជាប់ចោទម្នាក់ទៀតគឺជាមិត្តភក្តិរបស់ជនរងគ្រោះតែម្តង។ ជនជាប់ចោទនោះបាននាំនាងទៅកាន់សណ្ឋាគារដោយយកលេសថា ចូលរួមពិធីជប់លៀង។
ក្មេងស្រីរងគ្រោះ ត្រូវបានគេជឿជាក់ថា បានចេញពីផ្ទះកាលពីថ្ងៃទី ២៦ ខែតុលា។ ឪពុកម្តាយនាងបានរាយការណ៍ករណីបាត់ខ្លួននាងទៅប៉ូលីសកាលពីថ្ងៃទី ៣០ ខែតុលា។
អំពើហឹង្សាប្រឆាំងស្ត្រី និងការរំលោភផ្លូវភេទនៅក្នុងប្រទេសឥណ្ឌាតែងតែកើតមានជាញឹកញាប់ ពោលកាលពីឆ្នាំ ២០១២ មានករណីរំលោភបូក និងសម្លាប់និស្សិតស្រីម្នាក់នៅលើរថយន្តក្រុង។ ករណីនោះបានធ្វើឲ្យមានការផ្ទុះបាតុកម្មទូទាំងប្រទេសឥណ្ឌា ហើយអ្នកតវ៉ាបានបង្ខំឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឲ្យតឹងបន្ថែមទៀត ប្រឆាំងនឹងការរំលោភ ដោយរួមមានការកាត់ទោសប្រហារជីវិតជាដើម។
ទោះយ៉ាងណា ការរំលោភផ្លូវភេទលើស្ត្រី និងកុមារនៅតែបន្តកើតមានដដែល៕