ពិតជាអាក្រក់មែន បុរសជាម្ចាស់ភោជនីយដ្ឋានមួយ និងជាគូប្រជែង កំពុងត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីបានលួចដាក់ថ្នាំពុលក្នុងអាហាររបស់ម្ចាស់ភោជនីយមួយទៀត ដើម្បីឲ្យរងការចោទប្រកាន់ពីអតិថិជន ហើយមិនអាចចំណើរការរកស៊ីបានទៀត។
ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែមិថុនា អតិថិជនម្នាក់ឈ្មោះ Li បានទិញសាច់ក្រឡុក នៅភោជនីយដ្ឋាន Fast Food ក្នុងស្រុក Songyang ទីក្រុង Lishui ខេត្ត Zhejiang ប្រទេសចិន។ ប៉ុន្តែក្រោយពីហូបរួច Li និងមនុស្ស៩នាក់ទៀត ដោយសង្ស័យថាពុល ភ្លាមៗនោះ Li ក៏បានទូរស័ព្ទទៅប៉ូលីស ហើយការស៊ើបអង្កេតមួយបានបង្ហាញថា ក្រុមអតិថិជនទាំងនេះពិតជាត្រូវបានពុលដោយអាហារប្រាកដមែន។
មន្រ្តីជំនាញបានឲ្យដឹងថា សារធាតុសូដ្យូមនីត្រាត នៅក្នុងអាហារ គឺជាសារធាតុគីមីឧស្សាហ៍កម្ម ដែលអាចបណ្តាលឱ្យឈឺក្បាល វិលមុខ ក្អួត ដួលសន្លប់ ដង្ហើមខ្លី និងអាចស្លាប់បាន ប្រសិនបើទទួលទានក្នុងបរិមាណច្រើនគ្រប់គ្រាន់។
ក្រោយមក ប៉ូលីសបានកំណត់អត្តសញ្ញាណជនសង្ស័យ តាមរយៈការពិនិត្យមើលវីដេអូពីកាមេរ៉ាឃ្លាំមើលនៅក្នុងភោជនីយដ្ឋានអាហាររហ័ស។ ម្ចាស់ហាងបានដំឡើងកាមេរ៉ា មុនពេលនាងបានរកឃើញករណីដាក់ថ្នាំបំពុលនេះ ហើយសង្ស័យថាជនល្មើស គឺជាម្ចាស់ហាងដែលជាគូប្រជែងរកស៊ីនៅក្នុងតំបន់។
ម្ចាស់ហាងរងគ្រោះបាននិយាយថា «ខ្ញុំគិតថា គាត់ចង់ ‘ដំណើរការ’ រាល់ការបញ្ជាទិញនៅក្នុងស្រុករបស់យើង។ ស្មានមិនដល់ គាត់ហ៊ានសាកល្បងជាលើកទីពីរ មិនគួរធ្វើអញ្ចឹងសោះ។ អាជីវកម្មគួរតែធ្វើ តាមរយៈការប្រកួតប្រជែងដោយយុត្តិធម៌»។
ស្ត្រីម្ចាស់ហាងបាននិយាយថា គាត់បានបោះចោលរាល់អាហារដែលត្រូវបានបើករួចទាំងអស់ និងជំនួសអាហារបញ្ជាទិញថ្មី។
បច្ចុប្បន្ន បុរសជាម្ចាស់ហាងដែលមានគំនិតអាក្រក់រូបនោះ កំពុងស្ថិតក្រោមការចាប់ខ្លួនរបស់ប៉ូលិស។ ស្ត្រីជាម្ចាស់រងគ្រោះ ក៏បានឲ្យដឹងថា ជនសង្ស័យជាគូប្រជែង មានអាយុប្រហែល ៣០-៤០ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ទង្វើនេះមិនមែនជាលើកទីមួយទេ ដែលជនសង្ស័យបានដាក់ថ្នាំពុលក្នុងអាហារម្តងរួចមកហើយ។ កាលពីដើមខែនេះ ស្ត្រីអាយុ ៣៥ ឆ្នាំម្នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ ពីបទបន្ថែម «ទឹកលាងចាន» និង «សាប៊ូបោកខោអាវ» ទៅក្នុងទឹកស៊ុបឥតគិតថ្លៃ ដែលបម្រើនៅភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុងក្វាងចូវ ភាគខាងត្បូងប្រទេសចិន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង