ខេត្តព្រះសីហនុ ៖ អ្នកទទួលមើលការខុសត្រូវក្នុងផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ បានឲ្យដឹងនៅថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨ថា សកម្មភាពលក់ដូរផលនេសាទសមុទ្រ មានដំណើរការជាធម្មតា បើទោះជាស្ថានភាពធាតុអាកាសមិនសូវអំណោយផល ដោយមានភ្លៀង និងខ្យល់ព្យុះបោកបក់ខ្លាំងបែបណាក្តី។
អាជីវករផ្សាលើឲ្យដឹងថា ត្រី ក្តាម មឹក នុងបង្គាជាដើម មិនទាន់មានការខ្វះខាតនៅលើទីផ្សារទេ គឺបន្តមានលក់ជូនប្រជាពលរដ្ឋជាធម្មតា។
ចំណែ អ្នកនេសាទសមុទ្រមួយចំនួន ក៏បានឲ្យដឹងថា រាល់ថ្ងៃនេះ ទូកនេសាទបានចេញធ្វើរបរនេសាទ ក្នុងសមុទ្រជាធម្មតា ព្រោះមិនមានខ្យល់កន្ត្រាក់ ឬខ្យល់ព្យុះនោះទេ។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយម បានរំលឹកដល់បងប្អូនប្រជានេសាទឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលចេញធ្វើរបរនេសាទសមុទ្រ ជាពិសេសត្រូវមានឧបករណ៍សង្គ្រោះបឋមដាក់តាមទូកជាប្រចាំ ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ។
ទាក់ទិនបញ្ហាអាកាសធាតុនេះដែរ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សប្តាហ៍កន្លងទៅនេះ មានកម្មករនេសាទម្នាក់ រស់នៅស្រុកស្ទឹងហាវ បានធ្លាក់ទឹកស្លាប់ពេល ទៅធ្វើរបរនេសាទសមុទ្រ និងមានទូកនេសាទ១គ្រឿងទៀតបានលិចនៅក្នុងលំហសមុទ្រ ប៉ុន្តែអ្នកនេសាទទាំង៣នាក់ នៅលើទូកនេសាទនោះត្រូវបានទូកនេសាទដូចគ្នាជួយសង្គ្រោះបានទាន់ពេលវេលា៕ ដែនសីមា