នេះជាខណៈដ៏រន្ធត់ និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបុរសម្នាក់ចេញពីហូបការ ស្រាប់តែបើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹងខ្លាំង ហើយជាន់ហ្គាស្មានតែហ្វ្រាំង បោះពួយទៅបុកកូនក្រមុំជាជនជាតិបរទេសម្នាក់ ដែលកំពុងឈរចាំទទួលភ្ញៀវយ៉ាងពេញទំហឹង បណ្តាលឲ្យកូនក្រមុំនោះរងរបួសគួរឲ្យអាសូរ។
ហេតុការណ៍ធ្វើឱ្យមនុស្សម្នាស្រែកផ្អើលឆោឡោនេះ ត្រូវបានដឹងថា បានកើតឡើងនៅចំណុចរោងការមួយកន្លែង ស្ថិតក្នុងភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប នាវេលាម៉ោង ២ និង៤០នាទី រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញថា នាអំឡុងពេលដែលកូនក្រមុំជនជាតិបរទេស និងសាច់ញាតិបងប្អូន រួមទាំងមិត្តភ័ក្តិ កំពុងតែឈរចាំទទួលភ្ញៀវនៅមុខរោងការ នៅពេលនោះ ស្រាប់តែមានរថយន្តតាកូម៉ា១គ្រឿង បានបើកតម្រង់ចូលមកក្នុងល្បឿនយឺត បុកចំកូនក្រមុំ រួមទាំងស្រ្តីខ្មែរម្នាក់ទៀតដែលឈរក្បែរ និងនាំយកកូនក្រមុំ បុកទម្លុះចូលខាងក្នុងរោងការតែម្តង។
ក្រោយពេលកើតហេតុ កូនក្រមុំបរទេសដែលបានរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ។ នេះចាត់ទុកជាសំណាងហើយ ដែលអ្នកបើកបរស្រវឹងនោះ បើកចូលមកយឺតៗ ប្រសិនបោះពួយលឿនវិញ មិនដឹងជាគ្រោះថ្នាក់ធ្ងន់ធ្ងរយ៉ាងណានោះទេ។
អ្នកបើកបររថយន្តបង្ក ត្រូវបានស្គាល់ថាឈ្មោះ ឡំ លុញ អាយុ ៤៦ ឆ្នាំ មុខរបរជាគ្រូបង្រៀន រស់នៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប។ អ្នកបើកបរបង្ករូបនេះ ក៏ត្រូវបានគេដឹងថា បើកបរនៅក្នុងស្ថានភាពស្រវឹងស្រាបែបនេះ គឺបន្ទាប់ពីធ្វើដំណើរចាកចេញពីកន្លែងកម្មពិធីមង្គលកូនក្រមុំបរទេសនេះតែម្តង។
សូមបញ្ជាក់ថា តាមព័ត៌មានបឋម ក្រៅពីកូនក្រមុំរងរបួស គឺនៅមានជនរងគ្រោះចំនួន ៥ នាក់ ផ្សេងទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ដើម្បីព្យាបាលរបួសផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង