នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ព្យុះទីហ្វុង Doksuri បានបោកបក់នៅភាគអាគ្នេយ៍នៃប្រទេសចិន ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ ទៅកាន់តំបន់ឆ្នេរ បន្ទាប់ពីបានបោកបក់កាត់តៃវ៉ាន់ និងភាគខាងជើងប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យខេត្តជាច្រើននៃប្រទេសចិន ទទួលរងនូវភ្លៀងធ្លាក់ខ្លាំងដែលបានបង្ខំមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស និងសកម្មភាពជាច្រើនត្រូវលុបចោល ហើយកន្លែងទេសចរនៅទូទាំងប្រទេស ត្រូវបិទជាបណ្តោះអាសន្ន។
យោងតាមសារព័ត៌មាន China Daily ភ្លៀងធ្លាក់ខ្លាំង ក៏បានជះឥទ្ធិពលដល់ពិធីបុណ្យបោះជំរុំនៅលើភ្នំ Wukong ក្នុងខេត្ត Jiangxi ដែលបណ្តាលឱ្យអ្នកទេសចររាប់រយនាក់ ត្រូវជាប់គាំងនៅលើកំពូលភ្នំ។ តាមស្ថិតិរបស់នាយកដ្ឋានជលសាស្ត្រ ភ្លៀងធ្លាក់យ៉ាងគំហក់នៅតំបន់ជាច្រើន ឡើងដល់ជាង ៥០ ម.ម បានបណ្តាលឲ្យជន់លិចផ្លូវលំ ធ្វើឲ្យភ្ញៀវមិនអាចជម្លៀសចេញ ឬមិនអាចឡើងភ្នំបាននោះទេ។
អ្នកទេសចរដែលជាប់គាំងនៅលើភ្នំ Wukong បាននិយាយថា ពួកគេបានឡើងទៅលើភ្នំដើម្បីចូលរួមក្នុងពិធីបុណ្យបោះជំរុំ។ បន្ទាប់ពីមានវត្តមានអស់រយៈពេលកន្លះម៉ោងនៅកន្លែងប្រមូលផ្តុំ អ្នករៀបចំបានប្រកាសពន្យារពេលពិធីបុណ្យនេះ ដោយសារតែអាកាសធាតុដ៏អាក្រក់។ អ្នកទេសចររាប់រយនាក់ បានជាប់គាំងពេញមួយយប់នៅលើកំពូលភ្នំ។
លុះដល់ម៉ោង៦ព្រឹក ពួកគេបានរើទៅជើងភ្នំ ទោះបីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក្តី។ ប៉ុន្តែនៅពេលនោះ មានការពិបាកក្នុងការរើចេញយ៉ាងខ្លាំង ព្រោះមានមនុស្សច្រើនពេក ភ័យស្លន់ស្លោ ខណៈចុះភ្នំពេលភ្លៀងកំពុងហូរដូចទឹកជ្រោះ អ្នកទេសចរជាច្រើនដោយខ្លាចផ្លូវរអិល ក៏នាំយកដំបងដើរតាមដងផ្លូវ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរបានទទួលការគាំទ្រពីចំណតចំនួន ២ កន្លែង ដែលបានចែកចាយអាវភ្លៀងដោយឥតគិតថ្លៃ និងភោជនីយដ្ឋានហឹរផត ក៏ផ្តល់ឱ្យអ្នកទេសចរនូវអាហារសង្កាក់ (skewer) បរិភោគជាបណ្តោះអាសន្ន ដើម្បីជម្នះភាពឃ្លាន។
ដោយសារតែភ្លៀងធ្លាក់ខ្លាំង ភ្ញៀវទេសចរមួយក្រុមបានបាត់ខ្លួន ប៉ុន្តែសំណាងល្អ បានបុគ្គលិកនៃតំបន់ទេសភាពម្នាក់ បានជួប និងណែនាំពួកគេអោយចុះទៅកន្លែងមានសុវត្ថិភាព។
ការធ្វើដំណើរចុះពីភ្នំទាំងមូល ខណៈទឹកភ្លៀងហូរដូចទឹកធ្លាក់មានរយៈពេលជាង ៣ ម៉ោង គឺយូរជាងការរំពឹងទុក។ វីដេអូដែលថតបានខណៈពេលស្លន់ស្លោរបស់ក្រុមភ្ញៀវទេសចរ បានទាក់ទាញអ្នកចូលមើលរាប់សែនដង នៅលើបណ្ដាញសង្គម។
គេដឹងថា ពិធីបុណ្យបោះជំរុំនៅលើភ្នំ Wukong គឺជាសកម្មភាពប្រចាំឆ្នាំ។ នេះជាពិធីបុណ្យមួយដើម្បីទទួលបទពិសោធន៍វប្បធម៌ និងតន្ត្រីនៅលើវាលស្មៅរហូតដល់ ៤ ហិចតា នៅលើកំពូលភ្នំ។ រហូតមកដល់ពេលនេះ ពិធីបុណ្យនេះបានចូលដល់ឆ្នាំទី១៦ ហើយ។ រាល់ពេលរដូវបុណ្យម្តងៗ គឺមានភ្ញៀវទេសចរក្នុងស្រុក និងបរទេស មកទស្សនាយ៉ាងច្រើនកុះករ។
ស្ថិតនៅភាគខាងជើងនៃខេត្ត Jiangxi ប្រទេសចិន ភ្នំ Wukong គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងគួរអោយចាប់អារម្មណ៍បំផុត។ ភ្នំនេះមានភាពល្បីល្បាញដោយសារភាពស្រស់ស្អាត ដូចជាកន្លែងពពកពណ៌សអណ្តែតលើភ្នំខ្ពស់ វាលស្មៅដ៏ធំសម្បើម និងទឹកជ្រោះដ៏អស្ចារ្យ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង