ក្រុងមូស្គូនិងព្យុងយ៉ាង កំពុងត្រៀមផែនការអំពីជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ីនិងមេដឹកនាំកូរ៉េខាងជើង។
ប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un
តាម RIA នៅថ្ងៃទី១៨ ខែកក្កដា ដែលដកស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងជើងAlexander Matsegora និយាយថា ជំនួបកំពូលរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងមេដឹកនាំកូរ៉េខាងជើង Kim Jong-un កំពុងស្ថិតក្នុងកម្មវិធីពិភាក្សា ខណៈពេលលោកឱ្យដឹងបន្ថែមថា គោលជំហររបស់រុស្ស៊ីគឺដល់ពេលពិនិត្យមើលការលុបចោលទណ្ឌកម្មលើប្រទេសនេះ។
កាលពីខែមុន វិមានក្រឹមឡាំងឱ្យដឹងថា រុស្ស៊ីបានអញ្ជើញមេដឹកនាំកូរ៉េខាងជើងមកចូលរួមវេទិកាសេដ្ឋកិច្ចប៉ែកបូព៌ា ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយតាមគម្រោងនឹងរៀបចំនាខែកញ្ញា នៅ Vladivostok ប្រទេសរុស្ស៊ី។
រុស្ស៊ីនិងកូរ៉េខាងជើងមានព្រំដែនជាប់គ្នាខ្លីប៉ុណ្ណោះ ហើយស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីទីក្រុងVladivostok ។
កាលពីខែមិថុនា ប្រមុខការទូតរុស្ស៊ី Sergei Lavrov ក៏បានទៅកាន់កូរ៉េខាងជើងក្នុងបំណងដើម្បីធានាថា សម្ដីរបស់ក្រុងមូស្គូត្រូវបានគេទទួលយកដើម្បីរៀបចំបណ្ដាកិច្ចព្រមព្រៀងការទូតរវាងកូរ៉េខាងជើងជាមួយអាមេរិកនិងកូរ៉េខាងត្បូង។
ក្នុងបរិបទមួយផ្សេង ក្រោយជំនួបជាប្រវត្តិសាស្ដ្ររវាងប្រធានាធិបតីអាមេរិក Donald Trump ជាមួយមេដឹកកូរ៉េខាងជើងKim Jong-un នាយករដ្ឋមន្ដ្រីជប៉ុន Shinzo Abe ក៏បានបង្ហាញពីបំណងជួបប្រជុំជាមួយKim នៅខែកញ្ញាខាងមុខផងដែរ៕
សូយន