កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៣ គេហទំព័រ Express បានរាយការណ៍ពីរឿងរ៉ាវសោកនាដកម្មមួយបានកើតឡើង ចំពោះគ្រួសាររបស់មហាសេដ្ឋីវ័យក្មេងម្នាក់ បន្ទាប់ពីគាត់ និងកូនប្រុសរបស់គាត់ បានជួបឧបទ្ទវហេតុយន្តហោះខ្នាតតូចមួយ បានធ្លាក់ចូលដើមឈើ បានស្លាប់ជាមួយគ្នា ហើយប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់ ព្រោះតែមិនអាចទប់ចិត្តបាន ក៏បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមប្តីនិងកូនប្រុសផងដែរ។
Garon Maia អាយុ ៤២ ឆ្នាំ ជាអ្នកជំនួញជនជាតិប្រេស៊ីលដែលមានទ្រព្យសម្បត្តិដ៏ស្តុកស្តមម្នាក់ ដែលកំពុងស្ថិតក្នុងពាក់កណ្តាលជីវិតពោរពេញដោយសុភមង្គល។ គ្រួសាររបស់គាត់មានកូនប្រុសអាយុ ១១ ឆ្នាំ ឈ្មោះថា Francisco និងប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់ឈ្មោះ Ana អាយុ ២៧ ឆ្នាំ និងក៏ជាម្ចាស់ហាងមួយផងដែរ។ យន្តហោះខ្នាតតូច Beechcraft Baron 58 របស់គ្រួសារនេះ ត្រូវបានដឹងថាមានតម្លៃប្រហែល ១.២ លានដុល្លារ។
មុនពេលឧបទ្ទវហេតុកើតឡើង Garon និងកូនប្រុស Francisco បានហោះចេញពីកសិដ្ឋានគ្រួសារនៅ Rondonia គោលដៅគឺទៅផ្ទះវីឡានៅ Campo Grande។ យន្តហោះបានហោះឡើងនៅម៉ោង ៥ និង៥០ នាទីល្ងាចថ្ងៃទី២៩ ខែកក្កដា មុនពេលបាត់ខ្លួនពីរ៉ាដា ៨ នាទីក្រោយមក ធ្លាក់ចូលដើមឈើក្នុងព្រៃ។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺករណីនេះកើតឡើង ឃ្លីបមួយដែលបានបញ្ចេញនៅលើអ៊ិនធើរណែត បានបង្ហាញឲ្យឃើញថា កូនប្រុសអាយុ ១១ឆ្នាំ របស់គាត់ជាអ្នកបើកយន្តហោះ ខណៈលោក Garon បានអង្គុយក្បែរ ផឹកស្រាបៀរបណ្តើរ និងជួយណែនាំការបើកបរបណ្តើរដល់កូនប្រុស។ តែទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើវីដេអូឃ្លីបនេះត្រូវបានបង្ហោះនៅពេលណា ឬក៏មុនពេលមានគ្រោះថ្នាក់នេះបានកើតឡើងនោះទេ!។
ក្រោយពេលកើតហេតុ ភរិយារបស់ Karon គឺនាង Ana បានបង្ហោះសារកាន់ទុក្ខយ៉ាងក្រៀមក្រំ ភ្ជាប់រូបភាពរបស់នាងជាមួយស្វាមី និងលោក Francisco ។ សារនោះបញ្ជាក់ថា នាងមិនអាចរស់នៅដោយគ្មានប្តីជាទីស្រលាញ់របស់នាងបានឡើយ ហើយក្រោយមកនៅថ្ងៃទី១ ខែសីហា គេក៏បានប្រទះឃើញសាកសពរបស់ Ana នៅក្នុងបន្ទប់ផ្ទះរបស់នាង ដោយពីនាងបានសម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯងទៅតាមប្តីនិងកូនប្រុស។
យោងតាមច្បាប់របស់ប្រទេសប្រេស៊ីល បានចែងថា មនុស្សម្នាក់ត្រូវតែមានអាយុលើសពី ១៨ ឆ្នាំ ទើបអាចបើកបរយន្តហោះបាន។ ពួកគេត្រូវតែបញ្ចប់ការសិក្សានៅសាលាអាកាសចរណ៍ ហើយត្រូវចុះឈ្មោះជាមួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលជាតិផងដែរ៕ រក្សាសិទ្ធដោយ៖ លឹម ហុង