« អព្ភូតហេតុ » « អស្ចារ្យ » នេះជាពាក្យដែលក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់របស់ពួកគេបាននិយាយច្រើនដងនៅក្នុងសន្និសីទកាសែតរួមគ្នាជាសាធារណៈលើកទី១ នាថ្ងៃពុធ ទី១៨ កក្កដា។ អ្វីដែលពួកគេបានរៀបរាប់ ពិពណ៌នា គឺជីវិតជាប់ក្នុងរូងភ្នំរយៈពេល ៩ថ្ងៃក្នុងស្ថានភាពងងឹតស្លុង គ្មានអាហារទទួលទាន ផឹកតែទឹកភ្លៀងដែលហូរតាមជ្រលងថ្មភ្នំ និងមានតែការបន់ស្រន់។ គ្រូបង្វឹកបាល់ទាត់អាយុ ២៥ឆ្នាំដែលជាមនុស្សធំម្នាក់គត់ក្នុងក្រុមបានបញ្ជាក់ថា ពួកគេបានព្យាយាមរកមធ្យោបាយចាកចេញដោយខ្លួនឯង ដោយគិតថា មិនអាចអង្គុយទន្ទឹងរង់ចាំជំនួយពីខាងក្រៅបានទេ។ តែនៅតែមិនអាចចេញរួច។
ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់បានរៀបរាប់ពីជីវិតជាប់គាំងក្នុងរូងភ្នំរយៈពេល ៩ថ្ងៃ.។
ពួកគេក៏បានប្រាប់ថា ក្នុងពេលសម្រាកក្នុងមន្ទីរពេទ្យ ពួកគេក៏បានមើលការប្រកួតបាល់ទាត់ពិភពលោកក្នុងវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិបារាំង និងក្រូអាស៊ីនាយប់ថ្ងៃអាទិត្យ ទី១៥ កក្កដាដែរ។ បន្ទាប់មក មានអ្នកខ្លះបានប្រាប់ឲ្យដឹងពីការចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់ជំនាញទៀតផង។ គួររម្លឹកជូនឡើងវិញថា ក្មេងទាំង ១២នាក់ដែលមានអាយុពី ១១ឆ្នាំទៅ ១៦ឆ្នាំ និងគ្រូបង្វឹកបាល់ទាត់របស់គេម្នាក់អាយុ ២៥ឆ្នាំបាននាំគ្នាចូលក្នុងរូងភ្នំ Tham Luang ស្ថិតក្នុងខេត្តឈៀងរ៉ៃ កាលពីថ្ងៃទី២៣ មិថុនា និងបានជាប់កុនចេញមិនរួចដោយសារទឹកឡើងខ្លាំងក្នុងរូងភ្នំ។
គេត្រូវរង់ចាំ! ៩ថ្ងៃក្រោយទើបក្រុមអ្នកជំនាញមុជទឹកជនជាតិអង់គ្លេសបានរកឃើញទីកន្លែងរបស់ពួកគេដែលមានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីច្រកផ្លូវចូល។ តាំងពីពេលនោះមក រដ្ឋាភិបាលថៃដោយមានជំនួយពីអន្តរជាតិបានព្យាយាមរិះរកគ្រប់មធ្យោបាយដើម្បីរំដោះពួកគេចេញ។ ទីបំផុត ប្រតិបត្តិការរំដោះពួកគេបានចាប់ផ្តើមជាផ្លូវការក្នុងថ្ងៃអាទិត្យ ទី៨ កក្កដា និងបញ្ចប់ក្នុងថ្ងៃអង្គារ ទី១០ កក្កដា ដោយរំដោះបានក្មេងទាំង ១២នាក់ រួមទាំងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដោយសុវត្ថិភាព។ តែពួកគេត្រូវបានរដ្ឋាភិបាលបញ្ជូនភ្លាមៗទៅឲ្យសម្រាកពិនិត្យសុខភាពក្នុងមន្ទីរពេទ្យជាង ១សប្តាហ៍ទើបអនុញ្ញាតឲ្យបង្ហាញខ្លួនជាសាធារណៈក្នុងថ្ងៃពុធ ទី១៨ កក្កដា។
គួររម្លឹកជូនឡើងវិញថា ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់បានចូលក្នុងរូងភ្នំ Tham Luang ស្ថិតក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃទី២៣ មិថុនា និងបានជាប់កុនចេញមិនរួចដោយសារទឹកឡើងខ្លាំងក្នុងរូងភ្នំ។ បន្ទាប់មក និងដោយមានជំនួយពីអន្តរជាតិ ប្រតិបត្តិការរំដោះពួកគេទាំងអស់គ្នាត្រូវបានចប់សព្វគ្រប់ក្នុងថ្ងៃទី១០ កក្កដា។
ក្នុងឱកាសនោះដែរ ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះអ្នកជំនាញមុជទឹកជនជាតិថៃម្នាក់ដែលបានស្លាប់នៅក្នុងប្រតិបត្តិការសង្គ្រោះពួកគេ ព្រមទាំងលុតជង្គង់ក្រាបក្បាលចុះនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្មេងទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់អាចនឹងវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់ពួកគេនាពេលឆាប់ៗខាងមុខ៕
សូយន