ដូចដែលប្រិយមិត្ត ធ្លាប់បានដឹងរួចហើយថា កំអួតត្រីបាឡែន ដែលភាសាអង់គ្លេសហៅថា (Whale Vomit) គឺមានតម្លៃរហូតដល់ទៅរាប់លានដុល្លារ ដែលមិននឹកស្មានដល់។ ហើយពិតណាស់ ករណីអ្នកមានសំណាងរើសបានកំអួតត្រីបាឡែន ដោយចៃចន្យ ក្លាយជាសេដ្ឋីមួយប៉ព្រិចភ្នែក ជាពិសេសជនជាតិថៃ គឺតែងត្រូវបានសារព័ត៌មានបរទេសចុះផ្សាយ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង កាលពីពេលកន្លងៗមក។
ដោយឡែក ថ្មីៗនេះ មហាជននៅលើបណ្តាញសង្កម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈបុរសជនជាតិខ្មែរយើងម្នាក់ បានរើសបានកំអួតត្រីបាឡែនដ៏ធំ១ដុំ ដែលមានទម្ងន់ជិត៣គីឡូក្រាម ស្ថិតនៅចំណុចដុំថ្មដើមឈើចាំស្នេហ៍ ក្នុងក្រុងព្រះសីហនុ។
យោងតាមប្រភពព័ត៌មានចែករំលែកនៅលើបណ្តាញសង្គម បានឲ្យដឹងថា បុរសសំណាងនោះ ដែលមានឈ្មោះថាលោក ឡី ប្រុស អាយុ ៣២ ឆ្នាំ មានស្រុកកំណើតខេត្តព្រះសីហនុ បានទៅលេងនៅមាត់សមុទ្រ។ នៅពេលនោះ ខណៈគាត់កំពុងដើរនៅមាត់ឆ្នេរ ក៏ស្រាប់តែប្រទះឃើញសត្វកំពុងតែខាំហែកស៊ីកុំអួតត្រីបាឡែននេះ ភ្លាមនោះលោកក៏បានប្រញាប់ទៅរើសយកមកពិនិត្យ ក៏បានគិតថា របស់នេះច្បាស់ជាកុំអួតត្រីបាឡែនហើយ។
ដោយចង់ដឹងការពិត គាត់ក៏បានបង្ហោះដុំនេះនៅលើបណ្តាញសង្គម ហើយក៏មានអ្នកទាក់ទងមកសុំកាត់យកទៅពិសោធន៍ ទើបដឹងច្បាស់ថា នេះពិតជាកុំអួតត្រីបាឡែនប្រាកដមែន។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស បានបញ្ជាក់ឲ្យដឹងថា កំអួតត្រីបាឡែននេះ គឺមានតម្លៃខ្លាំងណាស់ ដែលត្រូវបានក្រុមហ៊ុនល្បីៗ យកទៅធ្វើជាមេទឹកអប់ និងធ្វើអ្វីផ្សេងៗទៀត លក់ក្នុងតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក។
នៅពេលនេះ លោក ឡី ប្រុស ក៏សូមសំណូមពរបងប្អូនមហាជនជួយស៊ែរព័ត៌មាននេះ ដើម្បីបានដឹងដល់ក្រុមហ៊ុនដែលត្រូវការទិញកុំអួតត្រីបាឡែន ទាក់ទងមកទិញពីលោកផង ខណៈមហាជនអ្នកលេងបណ្តាញសង្គម ក៏បានជួនពរឲ្យលោកមានសំណាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង