អ្នកការទូតអូស្ត្រាលីម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីរានហាលខាងមុខ នៃផ្ទះរបស់គាត់ ស្ថិតក្នុងទីក្រុងញូវយ៉ក ខណៈពេលកំពុងនិយាយលេងជាមួយមិត្តភក្តិ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅមុននេះបន្តិច ថ្ងៃទី ១៧ ខែវិច្ឆកា។
ប៉ូលីសក្រុងញូវយ៉កបាននិយាយថា លោក Julian Simpson អាយុ ៣០ឆ្នាំ បានរអិលធ្លាក់ដោយចៃដន្យពីរានហាលជាន់ទី ៧នៃអាគាររបស់គាត់ ទៅទើលើជាន់ទី ២។
លោក Julian Simpson គឺជាអ្នកការទូតជាន់ទាបម្នាក់ដែលតំណាងឲ្យប្រទេសអូស្ត្រាលី នៅអង្គការសហប្រជាជាតិ។
បើតាមការផ្សព្វផ្សាយរបសា់រព័ត៌មានអាមេរិច បានឲ្យដឹងថា អ្នកការទូតរូបនោះបានលេងល្បែង (Trust Game) ជាមួយនឹងមិត្តភកិ្តមុនពេលគាត់ធ្លាក់មកដី។ Trust game គឺជាល្បែងដែលមានការប្រថុយ ដោយពឹកផ្អែកលើនរណាម្នាក់ក្នុងការចាប់អ្នកឲ្យជាប់។
ប៉ូលីសត្រូវបានគេតេឲ្យទៅកាន់កន្លែងកើតហេតុម៉ោង ១ (ម៉ោងនៅអាមេរិច) កាលពីថ្ងៃពុធកន្លងទៅ។ លោក Julian Simpson ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យតែត្រូវបានគេប្រាប់ថាស្លាប់បាត់ទៅហើយ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានហៅហេតុការណ៍នោះថា ជាសោកនាដកម្មដ៏គួរឲ្យខ្លាច។
លោក Julian Simpson បានមកនៅអាមេរិចអស់រយៈពេល ២ឆ្នាំមកហើយ៕ សុភ័ក្ត្រ