Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារជប៉ុន ប្រគល់ហូលពិតាននិងផ្ទាំងកំណាត់សូត្រលើកទី២ ចំនួន ៤១ផ្ទាំង ជូនក្រសួង វប្បធម៌

ភ្នំពេញ៖ ក្រុមការងារពិតានជនជាតិជប៉ុន ដឹកនាំដោយលោកស្រីបណ្ឌិត YONEKURA Yukiko និង លោកស្រី MIYAMOTO Kazuko បានទទួលការអនុញ្ញាតចូលរួមសម្តែងការគួរសមជាមួយ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីព្រឹក។

នាឱកាសនៃជំនួបនេះ ក្រុមការងារជប៉ុន បានប្រគល់ហូលពិតាននិងផ្ទាំងកំណាត់សូត្រលើកទី២ សរុបចំនួន ៤១ផ្ទាំង ជូនក្រសួង ដើម្បីរក្សាទុកជាសម្បត្តិរដ្ឋនៅសារមន្ទីរជាតិកម្ពុជា។ គួររម្លឹកផងដែរថា កាលពីកំឡុងទសវត្សរ៍ឆ្នាំ២០០០ ក្រុម ការងារពិដាន បានប្រគល់ផ្ទាំងកំណាត់សូត្រចំនួន២៥ផ្ទាំង រួចម្តងមកហើយ។

សមុច្ច័យទាំង៤១ផ្ទាំងនេះ ជាបណ្តុំសមុច្ច័យដ៏សំខាន់ដែលបានឆ្លុះបញ្ចាំងពីភាពសំបូរបែបនៃការបន្តមរតកបេតិកភណ្ឌអរូបីនៃវិស័យតម្បាញខ្មែរ នារយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។ ក្បាច់លម្អ ដែលមាននៅលើផ្ទាំងសូត្របាន រម្លេចពីទិដ្ឋភាពទូទៅនៃជីវភាពប្រចាំថ្ងៃ និងជំនឿនានា ដែលខ្មែរគោរពប្រតិបត្តិ ជាពិសេស គឺផ្ទាំងរឿងទាក់ទងនឹងពុទ្ធប្រវត្តិ។

គោលបំណងចម្បងនៃការប្រគល់នេះ គឺដើម្បីធានាបាននូវនិរន្តរភាពនៃការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយពីភាពប្រណិតនិងល្អឯក នៃមរតកតម្បាញសូត្រខ្មែរ។ លើសពីនោះ ក្រុមការងារចង់ផ្តល់លទ្ធភាពនិងភាពងាយស្រួលដល់ក្រុមអ្នកតម្បាញសូត្រខ្មែរ ដែលមានបំណងចង់សិក្សាឈ្វែងយល់ពីទម្រង់ និងក្បាច់រចនានានានៅលើផ្ទាំងសូត្រ អាចចូលមកពិនិត្យផ្ទាល់បាននៅសារមន្ទីរជាតិ ដោយទាក់ទងផ្ទាល់មកសារមន្ទីរជាមុន ដើម្បីក្រុមការងារអាចរៀបចំសមុច្ច័យទាំងនោះទាន់ពេលវេលា ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំ។

សារមន្ទីរ សង្ឃឹមយ៉ាងមុតមាំថា សាធារណជន នឹងពិនិត្យលទ្ធភាពនៃការប្រគល់សមុច្ច័យផ្សេងៗទៀតមកសារមន្ទីរទុកជាសម្បត្តិជាតិ ដូចដែលក្រុមការងារជប៉ុននេះបានធ្វើនាថ្ងៃនេះ ដ្បិតសមុច្ច័យទាំងនោះ នឹងក្លាយទៅជាឯកសាររស់សម្រាប់ការផ្សព្វផ្សាយ និងសិក្សាឈ្វែងយល់មរតកអរូបីដែលដូនតាខ្មែរបានបន្សល់ទុក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×