Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលោះ​អាយុ២២ឆ្នាំ ស្នើសុំរៀបការ​​ជា​មួយ​ស្រ្តី​វ័យ៣៩ឆ្នាំ ដំបូង​ឪពុក​ម្តាយ​ជំទា​ស់ តែ​ក្រោយមក​យល់ព្រម​មិន​ខ្វល់​គម្លាត​អាយុ ពេល​ដឹង​ថា​កូន​ប្រសា​រស្រី​គឺជា…

រឿងរ៉ាវស្នេហារវាងយុវជនអាយុ ២២ ឆ្នាំ និងស្ត្រីអាយុ ៣៩ ឆ្នាំម្នាក់ នៅក្នុងខេត្ត Hainan ប្រទេសចិន ដែលប្រៀបដូចជាកូនប្រុស បានទាក់ទាញចំណាប់អារម្មណ៍ និងការពិភាក្សាវែកញែកជាខ្លាំង ពីសហគមន៍អនឡាញ។

យោងតាមសារព័ត៌មាន Sohu News យុវជនអាយុ ២២ ឆ្នាំ រូបនោះដែលមានឈ្មោះថា Zhen រៀបការជាមួយ Ding អាយុ ៣៩ ឆ្នាំ បន្ទាប់ពីអ្នកទាំងពីរបាន​ជួប​គ្នាដោយ​ចៃដន្យ។

អ្នកស្រី Ding គឺជាសហគ្រិនម្នាក់ និងជាម្ចាស់ម៉ាកគ្រឿងសំអាងដ៏ធំគួរសមនៅខេត្ត Hainan ដែលមានទ្រព្យធនជាច្រើន។ ទោះជាយ៉ាងណា ក្រៅពីលើពេលវេលាដ៏មមាញឹកជាមួយការងារ អ្នកស្រី Ding ក៏មានចំណង់ចំណូលចិត្តផឹកតែ និងរត់ហាត់ប្រាណជារៀងរាល់ព្រឹក ដើម្បីសុខភាពរាងកាយ។ តែនៅក្នុងអំឡុង​ពេល​កំពុង​រត់​ហាត់ប្រាណ អ្នកស្រី Ding ក៏បាន​ជួប​ Zhen ដោយចៃដន្យ ដែលរូបគេក៏កំពុងហាត់ប្រាណពេលព្រឹកផងដែរ។

ដោយ​ឃើញ​ស្ត្រី​ម្នាក់​នេះ​ទាំង​ស្អាត និង​មាន​មន្ត​ស្នេហ៍ គាត់​ក៏​ដើរ​​និយាយរក។ នៅពេលនោះ អ្នកស្រី Ding ក៏ឆ្លើយតបដោយរំភើបចិត្តយ៉ាងខ្លាំង ដោយនិយាយលេងថា យុវជនមួយចំនួនតូច ក៏មានទម្លាប់ដើរហាត់ប្រាណពេលព្រឹកបែបនេះដែរន៎!។

ចាប់ពីថ្ងៃនោះមក Zhen និងអ្នកស្រី Ding បានណាត់គ្នាទៅដើរហាត់ប្រាណជារៀងរាល់ព្រឹក ហើយបន្ទាប់មក ពួកគេក៏និយាយគ្នាមិនឈប់ពីជីវិត និងស្វែងយល់ពីគ្នាទៅវិញទៅមកបន្តិចម្តងៗ រហូតបង្កើតបានទំនាក់ទំនងក្តីស្រលាញ់ ដែលសូម្បីគ្រាន់តែមិនបានឃើញមុខគ្នាមួយថ្ងៃ ក៏មានអារម្មណ៍ថានឹកយ៉ាងខ្លាំង។

ទោះបីជាមានគម្លាតអាយុខុសគ្នារហូតដល់ទៅ ១៧ ឆ្នាំក៏ដោយ ទីបំផុត Zhen និង Ding បានសម្រេចចិត្តក្លាយជាគូស្នេហ៍នឹងគ្នា។ បន្ទាប់ពីទាក់ទងគ្នាជាងកន្លះឆ្នាំមក Zhen មានអារម្មណ៍ថា ចិត្តគំនិតបស់គាត់ចាស់ទុំហើយ ទើបគាត់សម្រេចចិត្តរៀបចំសំណើរស្នេហានៅកណ្តាលសួន ដែលជាកន្លែងជួបគ្នាដំបូង។ ប៉ះ​បេះដូង​មិត្ត​ប្រុស​វ័យ​ក្មេង បានធ្វើឲ្យអ្នកស្រី Ding ស្រក់​ទឹក​ភ្នែក​ភ្លាមៗ ព្រោះតែមិននឹកស្មានដល់។

ក្រោយ​ការ​សុំ​រៀប​ការ​ដោយ​ជោគជ័យ Zhen ក៏​បាន​នាំអ្នកស្រី Ding ​ទៅ​ជួប​ឪពុក​ម្តាយ​របស់ខ្លួន​យ៉ាង​ឆាប់​រហ័ស។ ថ្វីត្បិតតែអ្នកស្រី Ding មានអាយុ ៣៩ ឆ្នាំក៏ដោយ តែដោយសារតែការថែរក្សារូបរាងរបស់នាង ដែលនៅតែមើលទៅក្មេង និងស្រស់ស្អាតដដែលនោះ គឺដំបូងឡើយ បានធ្វើឲ្យឪពុកម្តាយរបស់ Zhen មិនដឹងអាយុពិតរបស់នាងនោះទេ ហើយក្រុមគ្រួសាររបស់ Zhen បានរីករាយស្វាគមន៍ ហើយថែមទាំងចម្អិនម្ហូបជាច្រើនមុខ សម្រាប់ទទួលភ្ញៀវផងដែរ។ តែទោះជាយ៉ាង​ណា​ នៅពេល​ដឹង​ថា​មិត្ត​ស្រី​មាន​អាយុ​ច្រើន​ជាង​កូន​ប្រុស​១៧​ឆ្នាំ ពួក​គេ​បាន​ជំទាស់​ការ​រៀប​ការ​ភ្លាមៗ។

ឪពុកម្តាយរបស់ Zhen មានការព្រួយបារម្ភថា ការរៀបការរបស់កូនប្រុសរបស់ពួកគេ ជាមួយនឹងស្ត្រីដែលមានវ័យចំណាស់ច្រើនឆ្នាំបែបនេះ គឺពិតជាសមរម្យនោះទេ ហើយការបង្កើតនៃអ្នកស្នងនឹងពិបាក។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកស្រី Ding បានលាតត្រដាងថា នាងជានាយកគ្រប់គ្រងក្រុមហ៊ុនធំមួយដែលមានទ្រព្យសម្បត្តិដ៏ច្រើននោះ ឪពុកម្តាយរបស់ Zhen ក៏បានផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេវិញផងដែរ។

បន្ទាប់មក អ្នកស្រី Zhen ក៏បានសន្យាថានឹងផ្តល់កំណើតដល់អ្នកស្នងមរតកសម្រាប់គ្រួសារ Zhen ក្នុងពេលឆាប់ៗនេះ។ ក្រោយពីឮបែបនេះ ឪពុកម្តាយរបស់លោក Zhen ក៏បានយល់ព្រមរៀបចំអាពាហ៍ពិពាហ៍ដល់អ្នកទាំងពីរមិនចាំយូរ។ បន្ទាប់ពីពិធីមង្គលការត្រូវបានរៀបចំយ៉ាងរលូន Zhen បានផ្លាស់ទៅរស់នៅក្នុងផ្ទះវីឡារបស់អ្នក Ding ហើយជីវិតអាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះ បន្ទាប់មកពិតជាពោរពេញដោយភាពផ្អែមល្ហែមយ៉ាងខ្លាំង។

ជាការពិតណាស់ ក្រោយរឿងស្នេហានេះ រីករាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សភាគច្រើនបានគិតថា Zhen ពិតជាមិនស្រលាញ់អ្នកស្រី Ding ដោយចិត្តទេ។ យុវជនរូបនេះ និងក្រុមគ្រួសាររបស់គាត់ ស្រឡាញ់តែទ្រព្យសម្បត្តិរបស់អ្នកស្រី Ding ប៉ុណ្ណោះ។ ឆ្លើយតបនឹងបញ្ហាទាំងនេះ Zhen បាននិយាយថា៖ “ខ្ញុំមិនចង់គិតច្រើនអំពីអនាគតទេ វាជាអ្វីដែលគ្មាននរណាម្នាក់អាចចាប់បាន។ ខ្ញុំគ្រាន់តែចង់ផ្តោតលើជីវិតបច្ចុប្បន្នរបស់ខ្ញុំ រស់នៅយ៉ាងយកចិត្តទុកដាក់ ស្ងប់ស្ងាត់ និងសប្បាយរីករាយ គឺគ្រប់គ្រាន់ហើយ”។

ចំណែកអ្នកស្រី Ding វិញក៏បានឲ្យដឹងដែរថា៖ “អាយុមិនមែនជាបញ្ហាក្នុងសង្គមស្នេហាសេរីនេះទេ រឿងសំខាន់គឺមនុស្សពីរនាក់មានអារម្មណ៍សមរម្យសម្រាប់គ្នាទៅវិញទៅមក។ យើងមិនចង់ពន្យល់ច្រើនទេ ពេលវេលានឹងប្រាប់ទាំងអស់គ្នា”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×