Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួមគ្នា​ដោះស្រាយ​បញ្ហា ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ របស់​ប្រជាកសិករ​

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន អំពី​ការធ្លាក់​ថ្លៃ នៃ​ស្រូវ​អ៊ី​អ៊ែរ​របស់​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួម​មក ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) អាជ្ញាធរ​មូលដ្ឋាន ស្វះស្វែង​រក​ចំណាត់ការ​នានា ដើម្បី​ជួយ​សម្របសម្រួល និង​បង្ការ​ការ​ការធ្លាក់​តម្លៃ​ស្រូវ​នេះ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បានឲ្យដឹង​ទៀត​ថា បន្ទាប់ពី​ទទួលបាន​ដំណឹង​នៃ​ការចុះ​ថ្លៃ​ស្រូវ​អ៊ី​អ៊ែរ ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន​នៅ​តំបន់​ផលិត កម្ម​ស្រូវ​សំខាន់ៗ​ដូចជា បាត់ដំបង កំពង់ធំ កំពង់ចាម ព្រៃវែង និង​តាកែវ និង​បាន​រកឃើញ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្រូវ​អ៊ី​អ៊ែរ ធ្លាក់ចុះ​ប្រមាណ​១៥​ភាគរយ នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ធៀប​នឹង​ថ្លៃ​ស្រូវ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៨ កន្លងទៅ​។ យោង​លើ​ព័ត៌មាន​នេះ ក្រសួង​ពាណិជ្ជកម្ម បាន​កោះ​ប្រជុំ​ពិភាក្សា​ជាបន្ទាន់ មួយ​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អ្នក​នាំ​ចេញ​អង្ករ និង​តំណាង​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការ​ប្រឈម និង​រិះរក​វិធានការណ៍​នានា ដើម្បី​ទ្រទ្រង់​តម្លៃ​ស្រូវ ដែល​ជា​ប្រភព​ចំណូល​សំខាន់​របស់​ប្រជាពលរដ្ឋ​។​

​ក្នុង​កិច្ចប្រជុំ បាន​រកឃើញ​មូលហេតុ​មួយចំនួន ដែល​ធ្វើឲ្យ​ស្រូវ​ធ្លាក់ថ្លៃ ដោយ​ក្នុង​នោះ​រួមមាន​កំណើន​កម្ពស់​ទឹក និង​ការ​ធ្លាក់ភ្លៀង​ជ​ញ្ជ្រាំ បណ្ដាលឲ្យ​មាន​សំណើម​ខ្លាំង រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នក​នាំ​ចេញ​មាន​កង្វះខាត​ទុន​បង្វិល ក្នុងការ​ទិញស្រូវ​ស្ដុក​ទុក គួបផ្សំ​នឹង​ការធ្លាក់​ថ្លៃ​នៃ​អង្ករ​អ៊ី​អ៊ែរ ក្នុង​ទីផ្សារ​អន្តរជាតិ​ចំនួន​៥០​ដុល្លារ​ក្នុង​មួយ​តោន​។ ដើម្បី​ជា​ដំណោះស្រាយ សម្រាប់​ទ្រទ្រង់​តម្លៃ​ស្រូវ ជូន​ប្រជាពលរដ្ឋ ក្រសួង​ពាណិជ្ជកម្ម និង​មួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​សហការ​គ្នា​ក្នុង​ការពិនិត្យ លទ្ធភាព​ប្រើប្រាស់​នីតិវិធី សម្រាប់​ផ្ដល់​ប្រាក់​កម្ចី​ជូន​ម្ចាស់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំ​ចេញ​យក​ទៅ​ធ្វើ​ជា​ទុន​បង្វិល ក្នុង​ការប្រមូល​ទិញស្រូវ​អ៊ី​អ៊ែរ ដោយ​យក​ស្រូវ​នៅក្នុង​ស្ដុក​ជា​វត្ថុ​បញ្ចាំ​។ ជាមួយ​នោះ ក្រសួង​ពាណិជ្ជកម្ម នឹង​បន្ត​សហការ​ជាមួយ​បណ្ដា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អង្កេត​មើល​តម្លៃ​ស្រូវ​អ៊ី​អ៊ែរ បន្ថែមទៀត​ក្នុង​ការដោះស្រាយ​បញ្ហា​ឲ្យទាន់​ហេតុការណ៍ ជូន​ប្រជាកសិករ​ឲ្យបាន​ទាន់​ពេលវេលា​៕ ​ដោយ ​៖ ​កូឡាប​

×