លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ចែងក្រុមការងារ រួមមាន មន្ត្រីថ្នាក់ខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីអាជ្ញាធរឃុំ ចុះពិនិត្យ ទីតាំងច្រាំងបាក់មានចំនួន៧កន្លែង និងផ្លូវបេតុង ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃ០៩ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីជំនន់ទន្លេមេគង្គបន្តហក់ឡើងខ្ពស់ បណ្តាលឲ្យបាក់ច្រាំងជាបន្តបន្ទាប់។
ទីតាំងច្រាំងបាក់ទាំង០៧កន្លែងនោះរួមមាន ÷
១- មានប្រវែង៣០ម៉ែត្រ មានជម្រៅចូលមកក្នុង៥ម៉ែត្រ (បាក់ផ្នែកខាងលើ)
២- មានប្រវែង២០ម៉ែត្រ មានជម្រៅចូលក្នុង៣ម៉ែត្រ
៣- មានប្រវែងប្រហែល ៤០ម៉ែត្រ មានជម្រៅប្រហែល៣ទៅ៤ម៉ែត្រ (បាក់ផ្នែកខាងលើ)
ចំណែកទីតាំងទី៤,៥,៦ បានរៀបចំបាវខ្សាច់ទប់ច្រាំងក្នុងឆ្នាំ២០២២កន្លងទៅ ខណៈឆ្នាំនេះបានបាក់បន្តផ្នែកខាងលើ មានប្រវែងប្រហែង៤៥០ម៉ែត្រ មានជម្រៅ៥ ម៉ែត្រដែលរងការផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនគ្រួសារ ៦គ្រួសារ ស្មើនឹង ៦ខ្នងផ្ទះ អាចរុះរើចេញប្រសិនបើច្រាំងនៅតែបន្តបាក់។
រីឯ ទីតាំងទី៧ នៅផ្លូវបេតុងចុងភូមិ បាក់ច្រាំងចូលដល់គ្រឹះផ្នែកខាងក្រោម មានប្រវែងបណ្តោយផ្លូវ ៨០ម៉ែត្រ។
លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គ នៅខេត្តត្បូងឃ្មុំ គិតត្រឹមម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ទឹកមានកម្ពស់ 11,42m ធៀបព្រឹកថ្ងៃទី៨ ទឹកស្រក 0,30m តែបើធៀបនឹងឆ្នាំមុន នៅពេលវេលាដូចគ្នា ឆ្នាំនេះខ្ពស់ជាង 2,22m, កម្ពស់ទឹកដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន 15,20m ដូច្នេះប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ជ្រាបចំពោះព័ត៌មាន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN