នៅថ្ងៃទី១៧កក្កដា ក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូង(Shinil Group) បានរកឃើញខ្មោចនាវានៅបាតសមុទ្រដែលមានផ្ទុកមាស២០០តោន មានឈ្មោះថា Dmitrii Donskoi របស់យោធាជើងទឹករុស្ស៊ី ត្រូវបានវាយពន្លិចនៅឆ្នាំ១៩០៥ ក្នុងសង្គ្រាមនៅលើសមុទ្ររវាងរុស្ស៊ីនិងជប៉ុន។
ខ្មោចនាវាល្បាត Dmitrii Donskoi បានត្រូវលិចនៅជិតកោះភាគខាងកើតឧបទ្វីបកូរ៉េនាឆ្នាំ១៩០៥ ក្នុងសង្គ្រាមលើសមុទ្ររវាងរុស្ស៊ីនិងជប៉ុន
បើតាមRT, នៅព្រឹកថ្ងៃអាទិត្យទី១៦កក្កដានេះ នាវានេះត្រូវបានរកឃើញក្នុងជម្រៅទឹកប្រមាណ៤៣០ម៉ែត្រនាតំបន់សមុទ្រមានចម្ងាយពី Jeodong លើកោះUlleungdo ប្រមាណ១,៣គីឡូម៉ែត្រ។នេះគឺជាកោះរបស់កូរ៉េខាងត្បូងដែលស្ថិតក្នុងចន្លោះឧបទ្វីបកូរ៉េនិងជប៉ុន។
តាមការប៉ាន់ស្មាននាវានេះអាចមានមាសដល់ទៅ២០០តោនហើយលើនាវានេះឃ្លាំងកំណប់ទ្រព្យនេះមានតម្លៃ133ពាន់លានដុល្លារ។Shinil Groupសន្យាថានឹងចំណាយ១០ភាគរយសម្រាប់អភិវឌ្ឍន៍កោះUlleung កូរ៉េខាងត្បូង ដែលក្នុងនោះក៏នឹងសាងសង់សារមន្ទីរមួយសម្រាប់រក្សាខ្មោចនាវានេះ។
មួយចំណែកនៃឃ្លាំងគ្រាប់នឹងបានបញ្ជូនទៅឱ្យរុស្ស៊ី ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃនាវានេះ។Shinil Group អះអាងថា រដ្ឋាភិបាលរុស្ស៊ីសន្យានឹងមិនទាមទារចំណែកលើសពីការសន្យា ហើយជាក់ស្ដែងវិញតាមក្រុមហ៊ុនឱ្យដឹងគឺរុស្ស៊ីបានជួយជ្រោមជ្រែងស្វែងរកនាវានេះ។ចំនួនទឹកប្រាក់នេះនឹងត្រូវបានប្រើប្រាស់សម្រាប់គ្រោងការណ៍រួមជាមួយរុស្ស៊ី ជាអាទិ៍ផ្លូវដែកតភ្ចាប់រុស្ស៊ីជាមួយកូរ៉េខាងត្បូងដោយឆ្លងកាត់កូរ៉េខាងជើង៕