ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ មានសំណាងស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីរួចជីវិតពីការវាយប្រហារដោយសត្វក្រពើដ៏ធំមួយក្បាល រយៈពេល ៩០ នាទី មុនពេលនាងត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ស្រី្តឈ្មោះ Falmira De Jesus អាយុ ៣៨ ឆ្នាំ ជាកសិករចម្ការដូងប្រេង មកពីខេត្ត Kalimantan ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី បានទៅដងទឹកពីអូររាក់មួយ ដែលគ្របដណ្តប់ដោយព្រៃបៃតងនៅក្នុង Ketapang Regency នៅពេលនោះ នាងក៏ត្រូវបានវាយប្រហារដោយសត្វក្រពើដែលកំពុងសម្ងំរង់ចាំ។ ពេលស្ត្រីនោះដើរទៅជិតដងខ្លួនវា សត្វល្មូនយក្សនោះក៏ស្ទុះចេញពីស្លឹកឈើ ខាំជើង ហើយអូសនាងចូលទៅក្នុងទឹក។
នៅពេលនោះ អ្នកស្រី Falmira បានស្រែករកជំនួយ និងប្រយុទ្ធជាមួយក្រពើអស់មួយសន្ធុះធំ ដើម្បីរង់ចាំអ្នករួមការងារក្នុងចម្ការមកជួយ។ វីដេអូឃ្លីបដ៏រន្ធត់ បានបង្ហាញស្ត្រីដ៏ក្លាហានរូបនោះ លេចចេញក្បាលរបស់នាងពីលើទឹក ខណៈនាងព្យាយាមរក្សាជីវិតរបស់នាង ដើម្បីចាប់តោងបង្គោលឈើដែលលាតសន្ធឹងចូលក្នុងទឹក ដោយអ្នករួមការងាររបស់នាង ខណៈពេលដែលអ្នកផ្សេងទៀត បានយកដំបងវាយទឹក ដើម្បីគំរាមក្រពើនោះឲ្យដោះលែង។
ក្នុងអំឡុងតស៊ូដើម្បីជិវិត Falmira បានរៀបរាប់ឲ្យដឹងថា «ខ្ញុំឈឺចាប់ខ្លាំងពីកន្លែងដែលក្រពើខាំខ្ញុំ។ ខ្ញុំមិនអាចដោះលែងបានទេ។ បន្ទាប់មកខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំកាន់តែខ្សោយទៅៗ ហើយខ្ញុំបានតែគិតថា ខ្ញុំនឹងស្លាប់ព្រោះខ្ញុំធ្លាក់ទឹក»។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក បាននិយាយថា ក្រពើបានចាប់ Falmira អស់រយៈពេល ៩០ នាទី ហើយវាព្យាយាមយ៉ាងខ្លាំង ដើម្បីទាញនាងចុះទៅក្នុងទឹក។ តែជាសំណាងល្អសម្រាប់នាង ទឹកមិនជ្រៅ ហើយយូរៗទៅ មនុស្សមកជួយកាន់តែច្រើនឡើង។ នៅទីបំផុត សត្វក្រពើនោះក៏បានសម្រេចចិត្តដោះលែង ហើយដកថយវិញ។ អ្នករួមការងារដ៏ក្លាហានរបស់នាង បានចុះទៅក្នុងទឹកដើម្បីយកនាងចេញ ហើយនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុត។
ស្រ្តីនៅរស់រានមានជីវិតអាយុ ៣៨ ឆ្នាំ បាននិយាយថា «ខ្ញុំដេកនៅក្នុងមន្ទីរពេទ្យ ហើយនៅតែអាចឃើញសត្វក្រពើនៅក្នុងចិត្តរបស់ខ្ញុំ ហើយមានអារម្មណ៍ថា វានៅលើខ្លួនរបស់ខ្ញុំ។ ខ្ញុំពិតជាអរគុណខ្លាំងណាស់ ចំពោះមនុស្សដែលបានមកជួយខ្ញុំឲ្យរួចផុតពីអាយុជីវិត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
Detik-detik Warga Selamatkan Wanita Pekerja Kebun Sawit yang Diterkam Buaya
— Miss Tweet (@Heraloebss) July 31, 2023
1 Jam 30 menit diseret buaya masuk ke dlm air akhirnya
korban berhasil diselamatkan & langsung dilarikan ke RS dng sejumlah luka gigitan di bagian kaki & tulang ekor.
📍Desa Air Hitam Kalbar pic.twitter.com/MTnDqvZeVt