Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាក់ដោត! ក្មេង​ៗ​ទៅ​សាលារៀន ត្រូវ​យក «ចប» ទៅជាមួយ ដើម្បី​ដោះស្រាយ«បញ្ហា»តាមផ្លូវ​បែក​ភក់​វ៉​ល់ ខណៈ​ពលរដ្ឋ​ថា​អាជ្ញាធរ​មិនដែល​គិត​គូរ​ជូស​ជុល

ផ្លូវ​ទៅ​សាលារៀន​មួយខ្សែនៅក្នុងប្រទេសវៀតណាម មាន​ប្រវែង​ត្រឹម​តែ ២.៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ជាង ២ភាគ៣ នៃ​ផ្លូវ ​មាន​ភក់បែកវ៉ល់តែម្តង ដែលធ្វើឲ្យពិបាកធ្វើដំណើរយ៉ាងខ្លាំង។ ហេតុនេះ ដើម្បីអាចធ្វើដំណើរទៅសាលារៀនបានងាយស្រួល សិស្សសាលាជាច្រើន បាននាំយកចបកាប់ ដើម្បីកាយពង្រាបផ្លូវ។

ប៉ុន្មានថ្ងៃមុននេះ រូបភាពជាច្រើនសន្លឹក បង្ហាញទិដ្ឋភាពសិស្សមួយក្រុម ទៅសាលារៀននៅលើផ្លូវដែលមានភក់ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ នៅ​ក្នុង​រូប​ថត​នោះ សិស្ស​មួយ​ចំនួន​បាន​ដួល ដែលបណ្តាលឲ្យ​សំលៀក​បំពាក់​របស់​ពួក​គេត្រូវ​ប្រឡាក់។

តែអ្វីដែលចាក់ដោតខ្លាំងនោះ គឺថាសិស្ស​ខ្លះ​ទៅ​សាលា​ ដោយបាន​យក​ចបទៅជាមួយ​ ដើម្បីកាយ​ផ្លូវ​ពិបាក​ៗឲ្យរាបស្មើ ​ងាយ​ស្រួលជិះកង់។ ហើយរូបភាព​ទាំងនេះ​បាន​លេច​ឡើង​នៅលើ​បណ្តាញ​សង្គម ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន នាំគ្នារិះគន់ និងសើចចំអក ទៅដល់អាជ្ញាធរមូលដ្ឋាន។

តាម​រយៈ​ការ​ស្រាវ​ជ្រាវ ​គេ​បាន​ដឹង​ថា ផ្លូវបែក​ភក់វ៉ល់​ដូច​រៀបរាប់​ខាង​លើ​នេះ គឺ​នៅ​ភូមិ​ Ngoc Thanh ឃុំ​ Hung Thanh ស្រុក Yen Thanh ខេត្ត Nghe An។ នៅពេលដែលរូបភាពនេះត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត មនុស្សជាច្រើនបានបញ្ចេញមតិថា ផ្លូវបែបនេះបានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនត្រូវបានអាជ្ញាធរជួសជុលនោះទេ។ ផ្លូវ​ភក់​មិន​ត្រឹម​តែ​បង្ក​ការ​លំបាក​ដល់​សិស្ស​ទៅ​រៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​នៅ​តំបន់​នោះ​ទៀត​ផង។

ទាក់ទិននឹងករណីខាងលើនេះ លោក Tran Van Trung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Hung Thanh បានបញ្ជាក់ពីស្ថានភាពជាក់ស្តែងនៃផ្លូវដូចដែលបានឆ្លុះបញ្ចាំងនៅលើបណ្តាញសង្គម ដោយលោកបានឲ្យដឹងថា ផ្លូវនេះបាន​តភ្ជាប់​ពី​ផ្លូវ​ខេត្ត​លេខ​៥៣៨ កាត់​ភូមិ​ Ngoc Thanh ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ ៣៨​ គ្រួសារ។

លោក Trung បាននិយាយថា ផ្លូវខាងលើមានប្រវែងត្រឹមតែ 2.5 គីឡូម៉ែត្រប៉ុណ្ណោះ។ ក្នុង​នោះ​មាន​ផ្លូវ​បេតុង​១​គីឡូម៉ែត្រ។ ហើយថ្មីៗ​នេះ អង្គភាព​សំណង់​កំពុង​ជីក​ដី​បញ្ចុះ​ជម្រាល​ផ្លូវ ហើយដោយសារការងារ​នេះ​មិន​បាន​បញ្ចប់ ទើប​ធ្វើ​ឲ្យ​ផ្លូវ​មាន​ភក់បែបនេះ។ នៅថ្ងៃដែលមានពន្លឺថ្ងៃក្តៅ ផ្លូវនេះអាចធ្វើដំណើរធម្មតា។ ប៉ុន្តែ​នៅ​ថ្ងៃ​ភ្លៀងធ្លាក់ជោគជាំ ផ្លូវ​នេះ​មាន​ភក់ធ្វើឲ្យពិបាកក្នុងការធ្វើដំណើរជាខ្លាំង។

ទោះជាយ៉ាងណា លោក Trung ក៏បានបញ្ជាក់ឲ្យដឹងថា ឃុំបាននិងកំពុងសហការជាមួយអង្គភាពស្ថាបនាផ្លូវ ដើម្បីស្នើសុំជួសជុលនាពេលឆាប់ៗខាងមុខ ដើម្បីធ្វើឲ្យផ្លូវមានសភាពស្អាត និងស្រស់ស្អាត សម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើដំណើរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×