សារព័ត៌មានវៀតនណាម vnexpress បានចុះផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា នារីជនជាតិវៀតណាមម្នាក់ ដែលជាអតីតអ្នកបម្រើលើយន្ដហោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជួញដូរផ្លូវភេទ ដោយនាំមិត្តរួមការងារដាក់ឲ្យភ្ញៀវ តម្លៃចាប់ពី ១០០០ ដុល្លារ រហូតដល់ទៅ ៣០០០ ដុល្លារដុល្លារ ក្នុងមួយយប់។
នាង Vo Thi My Hanh អាយុ ២៦ ឆ្នាំ ជាអតីតអ្នកបម្រើការលើយន្តហោះ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយស្រីៗដទៃទៀតដែលនៅតែបម្រើការលើយន្តហោះ ហើយបានណែនាំពួកគេ (រកលុយក្រៅ) ផ្តល់សេវាកម្មផ្លូវភេទដល់អតិថិជន “លំដាប់ខ្ពស់” ។
Hanh ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសក្រុងហូជិមិញ បានឆ្មក់ចូលសណ្ឋាគារមួយ កាលពីយប់ថ្ងៃថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ និងចាប់ស្ត្រី៤នាក់ផ្សេងទៀត ដែលផ្តល់សេវាផ្លូវភេទ។ ក្នុងនោះ ពួកគេ៣នាក់ ជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាអ្នកបង្ហាញម៉ូតរូបថត។
ស្ត្រីទាំងនោះបាននិយាយថា Hanh បានហៅពួកគេឲ្យចូលរួមអាជីវកម្មរបស់នាង។ ពួកគេបានគិតប្រាក់ ១០០០ ដុល្លារ ក្នុងមួយពេល ហើយ ៣០០០ ដុល្លារ ប្រសិនបើពួកគេចំណាយពេលមួយយប់ ជាមួយភ្ញៀវលំដាប់។
Hanh បានយកពីពួកគេ ៧ លានដុង (ស្មើ ២៩៥ ដុល្លារ) សម្រាប់ក្នុងមួយពេល ជាថ្លៃឈ្មួញកណ្តាល។ ប៉ូលីសបាននិយាយថា នាងរកបានជាង ១ ពាន់លានដុង ពីអាជីវកម្មនេះ។
អ្នកស៊ើបអង្កេតបានរកឃើញថា Hanh បានផ្សព្វផ្សាយខ្លួនឯងថាជាស្ត្រីជោគជ័យនៅលើបណ្តាញសង្គម ដោយបង្ហោះរូបថតរបស់នាងទិញរបស់ប្រណីតៗ និងធ្វើដំណើរទៅកាន់កន្លែងល្បីៗ។ នាងសូម្បីបានចាត់ទុកខ្លួនឯងថាជាគំរូរបស់យុវនារី ខណៈបណ្តាញទំនាក់ទំនងសង្គមរបស់នាង មានអ្នកតាមដានជាង ៣ សែននាក់។
Hanh បានលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះកាលពីប៉ុន្មានខែមុន មុននឹងចាប់ផ្តើមអាជីវកម្មផ្លូវភេទ។ នៅពេលចាប់ខ្លួននាង Hanh កំពុងគ្រប់គ្រងស្ត្រីបម្រើផ្លូវភេទប្រហែល ៣០ នាក់ ដែលភាគច្រើនជាអ្នកបម្រើលើយន្តហោះ និងតារាម៉ូដែល។
អតិថិជនភាគច្រើនមកពីទីក្រុងហាណូយ និងខេត្ត Ba Ria និង Vung Tau ដែលមានព្រំប្រទល់ជាប់ទីក្រុងហាណូយ។ ពួកគេ (អតិថិជន) បានទាក់ទងនាង Hanh តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាងនឹងរៀបចំសេវាកម្មដែលត្រូវផ្តល់ជូននៅសណ្ឋាគារ និងរមណីយដ្ឋាននានា។ Hanh មានរថយន្តទំនើប សម្រាប់ដឹកស្ត្រីទាំងនោះទៅ និងមកពីកន្លែងរកស៊ីផ្លូវភេទ។
Hanh ក៏បានផ្តល់សេវាកម្មដោយខ្លួនឯង ដល់អតិថិជនពេញចិត្តផងដែរ។
សូមបញ្ជាក់ថា អំពើពេស្យាចារ ត្រូវបានគេចាត់ទុកថា ជាអំពើគ្មានសីលធម៌ ឥតតម្លៃក្នុងសង្គម នៃប្រទេសវៀតណាម ហើយការជួញដូរផ្លូវភេទ គឺជាបទល្មើសព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង