ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបដិសេធទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលបោះឆ្នោតដើម្បីបន្តពេលវេលាឲ្យក្រុមឯករាជ្យបន្តការស៊ើបអង្កេតករណីប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរីកន្លងទៅ។
ការបដិសេធរបស់រុស្សី បានធ្វើឲ្យមានការរិះគន់ពីសំណាក់ឯកអគ្គរដ្ឋទូតអាមេរិចគឺអ្នកស្រី Nikki Haley ដែលបាននិយាយថា រុស្សីបានបំផ្លាញកិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ដែលព្យាយាមវែកមុខអ្នកដែលបានប្រើប្រាស់អាវុធគីមី និងទប់ស្កាត់ការប្រើប្រាសវានាពេលអនាគត។
ឯកអគ្គរដ្ឋទូតប្រទេសបារាំង François Delattre ដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក៏បានសំដែង ការភ្ញាក់ផ្អើលផងដែរ ហើយលោកថ្លែងថា វាធ្វើឲ្យមានការពិបាកសម្រាប់អនាគត។
ការបោះឆ្នោតលើសេចក្តីសម្រេច ទទួលបានសំឡេងគាំទ្រ ១១ និងប្រឆាំង ២ និងអនុវាទ ២។ ប៉ុន្តែដោយសារតែមានការបោះឆ្នោតប្រឆាំង ១ពីប្រទេសរុស្សីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដូច្នេះសេចក្តីសម្រេចនោះមិនអាចអនុម័តបានទេ។
ដូច្នេះកិច្ចការរបស់ក្រុមស៊ើបអង្កេតឯករាជ្យបានផុតកំណត់នៅថ្ងៃព្រហស្បតិ៍នោះតែម្តង។
កាលពីខែ មេសា មនុស្សជាង ៨០នាក់ រួមមានកុមារជាច្រើននាក់ បានស្លាប់ដោយសារការវាយប្រហារដោយអាវុធគីមីនៅតំបន់ដែលកាន់កាប់ដោយពួកបះបោរ ស្ថិតក្នុងក្រុង Khan Sheikhoun ប្រទេសស៊ីរី។ ជាការឆ្លើយតបនឹងការប្រើប្រាស់អាវុធគីមី សហរដ្ឋអាមេរិចបានវាយប្រហារដោយមីស៊ីលចំនួន ៥៩គ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសរបស់ស៊ីរី។
បើតាមរបាយការណ៍រួមកាលពីខែមុន របស់អ្នកត្រូតពិនិត្យអាវុធគីមី របស់អង្គការសហប្រជាជាតិ និងអន្តរជាតិបានកំណត់ថា របបស៊ីរីរបស់ប្រធានាធិបតី Bashar al-Assad ជាអ្នកប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារ។
តែទោះយ៉ាងណា ប្រទេសនេះបានបដិសេធជាច្រើនដង និងលើកឡើងថាខ្លួនមិនមានអាវុធគីមីនោះទេ៕ សុភ័ក្ត្រ