Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​តែ​រក្សា​ជំហរ ស្នើ​គ​.​ជ​.​ប គូស​តែ​សញ្ញា​ធិ​ក​មួយ​មុខ​គត់ក្នុង​ប្រអប់​៤ជ្រុង​ទ្រវែង​តូច​ ខណៈ​គ​.​ជ​.​ប បដិសេធ

spot_img

​ភ្នំពេញ ៖ លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅក្នុង​សន្និសីទ​សារព័ត៌មាន​​ស្តីពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​កម្ពុជា​​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩​ខែកក្កដា នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ ដោយ​លោក​បាន​បញ្ជាក់ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​​បានបញ្ជាក់​ជំហរ​របស់​ខ្លួន ដើម្បី​រក្សា​ការសម្ងាត់​របស់​អ្នកបោះឆ្នោត ត្រូវ​គូសសញ្ញា​ធិ​ក ក្នុង​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច តែមួយ​មុខ​គត់​។​

 

​លោក​ខឹម វាសនា បាន​បន្តថា ការអនុញ្ញាតឲ្យ​អ្នកបោះឆ្នោត អាច​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​​ក្នុងចំណោម​គំនូស​សញ្ញា​ដ៏​ច្រើន​ប្រភេទ​យ៉ាង​ដូច្នេះ គឺ​ជា​ការសម្រេចចិត្ត​ដែល​ខ្វះ​សុ​ក្រិត​ភាព និង​ធ្វេសប្រហែស​​ព្រោះ​វា​បា​នា​ទុក​ឱកាស​ឲ្យ​ជន ឬ​ក្រុម​ជន​ខិត​ខូច​អាច​ទិញ​លក់​សន្លឹកឆ្នោត ឬ​គំរាមកំហែង​អ្នក​បោះឆ្នោត​បាន ដោយ​បង្គាប់បញ្ជា​​ឬ​លួងលោម​អ្នកបោះឆ្នោត​ឲ្យ​គូសសញ្ញា​គាំទ្របែប​នេះ ឬ​បែប​នោះ ដែល​ខ្លួន​បានកំណត់ ។ ការបោះឆ្នោត​ដោយ​ស្ថិត​ក្នុង​លក្ខខណ្ឌ​នេះ​​វា​នាំឲ្យ​ប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការ​បោះឆ្នោត ដែល​ជា​គោលការណ៍​ដ៏​សំខាន់​មាន​ចែង​ក្នុង​មាត្រា​៧៦​ថ្មី កថាខណ្ឌ​ទី​២ នៃ​រដ្ឋធម្មនុញ្ញ​​មាត្រា​៥​កថាខណ្ឌ​ទី​១ មាត្រា​១០៦ និង​មាត្រា ១២០ កថាខណ្ឌ​ទី​៣ ចំណុច​ទី​៣ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​។​

​លោក​បន្តថា ចំពោះ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​អតីត​ប្រឆាំង គឺ​មិន​គួរឲ្យ​មាន​នៅលើ​ទឹកដី​កម្ពុជា និង​ជា​ពិសេស​អ្នកនយោបាយ​​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ដូចជា លោក​កឹម សុខា ជាដើម មិន​គួរ​ត្រូវ​បាន​ដោះលែង ឲ្យមក​ចូលរួម​បោះឆ្នោត នោះឡើយ​ ហើយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​គួរ​មាន​វត្តមាន និង​ក​កើតឡើង​វិញ នៅលើ​ទឹកដី​កម្ពុជា នោះទេ​។​

​លោក​បន្តថា ច្បាប់ ឬ​លិខិត​បទដ្ឋាន​គតិយុត្ត ដែល​ទុក​ឱកាស​ឲ្យ​ជន​ខិត​ខូច​អាច​កេងចំណេញ​ដោយ​មិន​ត្រឹមត្រូវ ដោយ​ទុចរិត​​លើ​ភាព​ចម្លោះប្រហោង​នៃ​បញ្ញត្តិ​របស់ខ្លួន គឺ​នាំឲ្យ​ប៉ះពាល់​ដល់ គោលការណ៍​នីតិរដ្ឋ និង​បង្ហាញ​អំពី​ភាពទន់ខ្សោយ​នៃ​ប្រព័ន្ធ​ច្បាប់​។​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​១៦​ខែកក្កដា​នេះ បាន​លិខិត​ជម្រាបជូន លោក ខឹម វាសនា ប្រធាន​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ករណី​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ចំណុច ៨.១១.១ នៃ​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​។​

​គ​.​ជ​.​ប បានប្រកាសថា បន្ទាប់ពី​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស​ដែល​ជា​បទពិសោធន៍​​នៃ​ការអនុវត្ត​ការងារ​បោះឆ្នោត​កន្លងមក គ​.​ជ​.​ប មិន​អាច​ធ្វើ​វិសោធនកម្ម​លើ​ចំណុច ៨.១១.១ តាម​ការស្នើសុំ​បានឡើយ​។​

​ការសម្រេច​របស់​គ​.​ជ​.​ប គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​បទពិសោធន៍​នានា​កន្លង​មក ។ ការតម្រូវ​ឲ្យ​អ្នកបោះឆ្នោត​គូសសញ្ញា​ធិ​ក​​តែមួយគត់ ដើម្បី​គាំ​ត្រ​គណបក្សនយោបាយ នៅលើ​សន្លឹកឆ្នោត គឺ​មិន​ឆ្លុះបញ្ចាំង​អំពី​បទ​ប្បញ្ញ​តិ្ត​ក្នុង​កថាខណ្ឌ​ទី​២ នៃ​មាត្រា​១០៥​និង​មាត្រា​១២០ ដែល​កំណត់​អំពីរ​បៀ​ស​គូស​លើ​សន្លឹកឆ្នោត ដែល​ត្រូវ​ចាត់ទុក​ជា​បានការ តាមរយៈ គំនូស​សញ្ញា​។​

តាម​ស្មារតី​នៃ​បទ​ប្បញ្ញត្តិ​នេះ គ្មាន​បាន​ចែង​តម្រូវឲ្យ​អ្នកបោះឆ្នោត​ត្រូវតែ​គូសញ្ញា​ធិ​ក តែមួយ​គត់​នោះ​ឡើយ មានន័យ​ថា​​ច្បាប់​អនុញ្ញាតិ​ឲ្យ​អ្នក​បោះឆ្នោតគូ​សញ្ញា​គាំទ្រ​ទូទៅ​នៅ​លើ​សន្លឹកឆ្នោត វៀរលែងតែ​គំនូស​សញ្ញា​ទាំងឡាយណា​​ដែល​ធ្វើឲ្យ​គេ​ស្គាល់​បាន​នូវ​អត្តសញ្ញាណ របស់​អ្នកបោះឆ្នោត ដូច​ចែង​ក្នុង​ចំណុច​៣ នៃ​កថាខណ្ឌ​ទី​៣ មាត្រា ១២០ នៃ​ច​.​ប​.​ត​.​រ​។​

​ការទទួលយក​ជា​បានការ​នូវ​គំនូស​សញ្ញា​គាំទ្រ​ជាទូទៅ នេះ ត្រូវបាន​អនុវត្ត​តាំង​ពី​ការបោះឆ្នោត​សភាធម្មនុញ្ញ ឆ្នាំ​១៩៩០ ​ដែល​រៀប​ចំ​ឡើង​ដោយ​អ៊ុនតាក់ មកម្ល៉េះ ហើយ​បទពិសោធន៍​ដ៏​ល្អ​នៃ​គំនូស​សញ្ញា​គាំទ្រ​ជា​ទូទៅ​នេះ​ ​ក៏​ត្រូវ​បាន​បន្ត​អនុវត្ត​សម្រាប់​ការ​បោះ​ឆ្នោត ក្រោយៗ​ទៀត ក្នុង​គោលបំណង​ធានា​ការពារ​សំឡេង​គាំទ្រ​របស់​អ្នកបោះឆ្នោត​​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា​យើង​។​

​លោក​ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត “​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដែល​គ​.​ជ​.​ប បាន​កំណត់​នេះ​​គឺ​មិន​ធ្វើឲ្យប៉ះពាល់​ដល់​ការសម្ងាត់​នៃ​ការ​បោះឆ្នោត ដូច​មានចែង​ក្នុង​មាត្រា ១០៦ នៃ​ច​.​ប​.​ត​.​រ ទេ​។ ជន​ណា​ដែល​ព្យាយាម​ដោយ​ទុច្ចរិត​ ក្នុង​គោលបំណង​កត់សម្គាល់ ដើម្បី​ឲ្យដឹងថា​អ្នក​បោះឆ្នោតណា​ម្នាក់ ឬ​ច្រើន​នាក់ បាន​បោះឆ្នោត​ឲ្យ​គណបក្សនយោ​បាយ​ណាមួយ​​នឹង​ត្រូវ​ទទួល​ការព្រមាន​ពី​ប្រធាន​ការិយាល័យ​រាប់​សន្លឹកឆ្នោត​។ ក្នុង​ករណី​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​ឡើងវិញ ជា​លើក​ទី​២​នឹង​ត្រូវ​ចាត់ទុក​ថា​ជា​ការរំលោភ​លើ​គោលការណ៍​សម្ងាត់​នៃ​ការបោះឆ្នោត​ ​ហើយ​ជន​ដេល​មាន​ការពាក់ព័​ន្ធ​ត្រូវបណ្តេញ​ចេញពី​ការិយាល័​យរាប់​សន្លឹកឆ្នោត នឹង​ត្រូវ​ទទួលទោស​ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​” ៕ ​ដោយ ​៖​ កូឡាប​

spot_img
×