ដោយសារតែភាពស្និតស្នាលរវាង Rainnie Dara និង ក្សត្រា ទើបកន្លងមកមហាជន ជាពិសេសអ្នកគាំទ្រក្នុងបណ្តាញសង្គមTik TOk តែងតែចង់ឃើញវត្តមានតារាទាំងពីរដួងនេះសម្តែងរួមគ្នាក្នុងរឿងបុរសស្រឡាញ់បុរស (BL)។
មិនធ្វើអោយអ្នកគាំទ្រខកបំណង តារាទាំងពីរដួងនេះក៏លេចវត្តមានក្នុងរឿង «វាយោសមុទ្រ» ធ្វើអោយមហាជន ផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជន ព្រោះការសម្តែងវាសាកសម្យ អមជាមួយទេសភាពដ៏ស្រស់ស្អាតនៃខេត្តកំពត។

ខ្សែភាពយន្តនេះគឺនិយាយអំពីជីវិតរបស់យុវជនមួយរូបដែលមានឈ្មោះថាសមុទ្រ រស់នៅជាអ្នកនេសាទក្នុងខេត្តកំពត។ ជីវិតរស់តែងតែមានភាពស្មុគស្មាញ ប៉ុន្តែរាល់ថ្ងៃសមុទ្រតែងតែមានសមុទ្រ នៅក្បែរនិងលើកទឹកចិត្ត។ ទំនាក់ទំនងរបស់ពួកគេបានបង្កើតជាឈុតឈាកស្នេហា ដែលធ្វើអោយគេខ្វះគ្នាមិនបាន វាប្រៀបដូចជាសមុទ្រ មិនអាចខ្វះខ្យល់បាន ដើម្បីបង្កើតចេញជាទឹករលក។

បើតាមកញ្ញា រិទ្ធី លំអរពេជ្រ ជាស្ថាបនិកនៃក្រុម “ភ្លើងគប់” និងជាអ្នកដឹកនាំសម្តែងរឿង “វាយោសមុទ្រ” បានអោយដឹងថា ខ្សែភាពយន្ដនេះមានក្រុមការងារចូលរួមប្រមាណ៥០នាក់ដែលបានចុះទៅដល់ទីតាំងផ្ទាល់ ជាក់ស្តែងខេត្តកំពតដែលជាខេត្តមានឆ្នេរសមុទ្រធំជាងគេទី៣ក្នុងប្រទេសកម្ពុជា និងមានភាពល្បីល្បាញខ្លាំង។ ខេត្តនេះក៏មានរមណីយដ្ឋានធម្មជាតិ និងសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើនសម្រាប់ភ្ញៀវទស្សនា និងស្វែងយល់ផងដែរ។
រឿង “វាយោសមុទ្រ” នេះទៀតសោតចំណាយទុនជាង៤ម៉ឺនដុល្លារ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ជាពិសេសអ្នកស្នេហាវិស័យភាពយន្ដ អ្នកសិល្បៈ តារាល្បីៗចូលរួមយ៉ាងច្រើនកុះករក្នុងពិធីសម្ពោធដាក់បញ្ចាំង។

