Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​តាម​រយៈ​យន្តការ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​វិញ​

​ខេត្ត​ស្វាយរៀង ៖ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៧​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍​ដោយបាន ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​តាម​រយៈ​យន្តការ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​វិញ ដោយ​មិន​ត្រូវ​ទទួល​ពាក្យស្នើសុំ​សេវា​នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់​ពី​អង្គភាព​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ។​

​លោក​បាន​មានប្រសាសន៍​ដូច្នេះ​ខណៈពេល​ដែល​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​អង្គ​ភាព​ច្រក ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា អភិបាលរង​ខេត្ត អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត តំណាង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត លោក​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ប្រធាន អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ មន្ត្រី​ជួរមុខ មន្ត្រី​ជួរ​ក្រោយ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បម្រើ​ការងារ​នៅក្នុង​អង្គភាព​ច្រក​ចេញ​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ។

​មានប្រសាសន៍​លើកឡើង ក្នុង​ពិធី​សម្ពោធ​នេះ លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ការបង្កើត​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត នាពេលនេះ គឺជា​សមិទ្ធផល​ដែល​សរ​បញ្ជាក់​ឲ្យឃើញ​ពី​ភាព​ជោគជ័យ​ថ្មីប​ន្ថែ​មទៀត របស់​រាជរដ្ឋា ភិបាល​ក្នុងការ​ធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ការ​បង្ខិត​សេវា​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើ​ប្រតិភូកម្ម​អំណាច​មក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។ ហើយ​យន្តការ​ទាំងពីរ​នេះ នឹង​ធ្វើឲ្យ​ការផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​បាន​កាន់តែ​ល្អប្រសើរ ត្រឹមត្រូវ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព ជាមួយ​និង​ការផ្ដល់​នូវ​ជំនឿ​ទុកចិត្ត​ខ្ពស់​ជូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​ទទួល​សេវា និង​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ការយកចិត្តទុកដាក់​ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​នៃ​ការផ្ដល់​សេវា​សាធារណៈ ព្រមទាំង​ជំរុញ​ការ​កៀរគរ​ចំណូល​ចូល​ថវិកា​ជាតិ និង​លុបបំបាត់​ការ​យក​កម្រៃ​សេវា​លើស​ពី​ច្បាប់​កំណត់ ។

​ទន្ទឹមនេះ លោក ម៉ែន វិបុល បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​ប្រធាន អនុប្រធាន និង​មន្ត្រី​ជួរមុខ មន្ត្រី​ជួរ​ក្រោយ នៃ​អង្គភាព​ច្រកចេញ ចូល​តែ​មួយ​ខេត្ត ត្រូវ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត ជា​ពិសេស​ត្រូវ​មានការ​សហការ និង​សាមគ្គីភាព​គ្នា​រវាង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​អង្គភាព​ដំណើរ​ទៅ​បាន​ដោយ​រលូន ធានា​ឲ្យ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ និង​ឆាប់រហ័ស មិន​បង្ក​ការកកស្ទះ​ក្នុង​ការផ្ដល់​សេវា ។

​ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​តម្រូវការ​ផ្នែក​សេវា​ដែល​ពាក់ព័ន្ធ​នឹង វិស័យ និង​ការងារ ទាំង ១៤ រួមមាន វិស័យ​សុខាភិបាល វិស័យ​ទេសចរណ៍ វិស័យ​សាធារណការ និង​ដឹកជញ្ជូន វិស័យ​វប្បធម៌ និង​វិចិត្រសិល្បៈ វិស័យ​ព័ត៌មាន វិស័យ​បរិស្ថាន វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម វិស័យ​រ៉ែ និង​ថាមពល វិស័យ​ពាណិជ្ជកម្ម វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការងារ​នីត្យានុកូលកម្ម និង​ការងារ​រដ្ឋបាល សូម​មក​ទទួល​សេវា​នៅ​ក្នុង​អង្គភាព​ច្រកចេញ​តែ​មួយ​ខេត្ត ហើយ​ឯកឧត្ដម​ក៏​បាន​ស្នើ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​តាមរយៈ​យន្តការ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​វិញ ដោយ​មិន​ត្រូវ​ទទួល​ពាក្យស្នើសុំ​សេវា​នៅ​មន្ទីរ​បន្តទៀត​នោះទេ បន្ទាប់​ពី​អង្គភាព​បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ៕ ​វ៉ៃកូ​

spot_img
×