នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ប្រភពពីអ្នកយកព័ត៌មាន Dan Tri បាននិយាយថា ក្រោយចាប់ជំរិតក្មេងប្រុសម្នាក់ ពីក្នុងតំបន់លំនៅឋាន នៃភូមិគ្រឹះ Viet Hung ស្រុក Long Bien អស់រយៈពេល១០ម៉ោង ក្រុមជំនាញនៃប៉ូលីសទីក្រុងហាណូយ បានសម្របសម្រួលជាមួយកងកម្លាំងមុខងារ ដើម្បីតាមចាប់ខ្លួនជនសង្ស័យចាប់ជំរិតរូបនោះ ដោយមានការបាញ់តដៃគ្នាបណ្តាលឲ្យមន្រ្តីប៉ូលិសម្នាក់រងរបួស។
យោងតាមប៉ូលីសថា ដោយសារជំពាក់បំណុលគេ ជនចាប់ជំរិតរូបនេះដែលមានឈ្មោះ Nguyen Duc Trung បាននឹកឃើញវិធីចាប់ជំរិតកូនគ្រួសារអ្នកមាន។ បន្ទាប់មក នៅល្ងាចថ្ងៃទី១៤ ខែសីហា Trung បានបើកឡានទៅតំបន់វីឡា BT7 ឃុំ Viet Hung ស្រុក Long Bien ដើម្បីស្វែងរក «គោលដៅ»។
លុះដល់វេលាម៉ោង ៧យប់ថ្ងៃខែឆ្នាំដដែល Trung បានបើករថយន្តជាច្រើនលើកជុំវិញផ្ទះវីឡា ស្រាប់តែប្រទះឃើញក្មេងប្រុសឈ្មោះ NTC (អាយុ៧ឆ្នាំ រស់នៅភូមិគ្រឹះ BT7 ) កំពុងជិះកង់។ នៅពេលនោះ រូបគេក៏បានចាប់ក្មេងប្រុសនោះចូលក្នុងរថយន្ត រួចបើកចាកចេញយ៉ាងប្រញាប់ប្រញាល់។
បន្ទាប់ពីចាកចេញពីកន្លែងកើតហេតុ Trung បានសុំទូរស័ព្ទម្តាយរបស់ក្មេងប្រុស C ដើម្បីទាក់ និងទងទាមទារប្រាក់លោះចំនួន ១៥ ពាន់លានដុង (ស្មើជាង ៦ សែនដុល្លារ)។ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះបានត្រៀមលុយប្រហែល ១៣ ពាន់លានដុង។ ទោះជាយ៉ាងណា ជនចាប់ជំរិត Trung បានសុំឱ្យក្រុមគ្រួសារធ្វើដំណើរតាមទីតាំងជាច្រើន ខណៈបើកឡានប្តូរគោលដៅទៅជុំវិញខេត្តដូចជា Hung Yen, Bac Giang… និងបន្ទាប់មកទៅខេត្ត Ha Nam ។
ក្រោយការដេញតាមអស់ជាច្រើនម៉ោង ទីបំផុតនៅម៉ោង៥ព្រឹក ថ្ងៃទី១៥ ខែសីហា នេះ កម្លាំងជំនាញក្រុងហាណូយ បានគ្រប់គ្រងឡោមព័ទ្ធ និងចាប់ខ្លួន Trung នៅក្នុងខេត្ត Ha Nam។
អធិការនគរបាលស្រុក Long Bien បាននិយាយថា៖ «ក្មេងប្រុសត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយមិនមានរបួសលើខ្លួនប្រាណនោះទេ»។
ទោះជាយ៉ាងណា ជនសង្ស័យបានប្រើប្រាស់កាំភ្លើង បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ដើម្បីរត់គេចខ្លួន ដែលបណ្តាលឲ្យមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុក Long Bien ម្នាក់ត្រូវចំភ្លៅរងរបួស។
ប៉ូលីសបានបញ្ជូនមុខសញ្ញា Trung ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប៉ូលីសទីក្រុងហាណូយ ដើម្បីធ្វើការស៊ើបអង្កេត និងបំភ្លឺបន្ថែម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង