វីដេអូថ្មីមួយ បង្ហាញបុរសអ្នកបើកកង់បី (passapp) ម្នាក់ ដែលបញ្ចេញអាកប្បកិរិយាយ៉ាងសាហាវ ទាញដំបងរកវាយអ្នកបើករថយន្ត ទាំងដែលខ្លួនជិះបញ្ច្រាស់ទ្រូងផ្លូវទទឹងទិសគេឯង បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម សម្តែងការហួសចិត្ត និងគួរឲ្យស្អប់យ៉ាងខ្លាំង។
ហេតុការណ៍ដ៏ញាក់សាច់នេះ ក៏បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tang Suntech បានបង្ហោះវីដេអូ ដោយភ្ជាប់សំណេរលើកឡើងទាំងហួសចិត្តថា៖ «មិនដឹងថាអាងអ្វី បុរសម្នាក់បើក ម៉ូតូកង់បីឥណ្ឌាជិះបញ្ច្រាសផ្លូវ ទៅជល់ពីមុខរថយន្ត រួចប្រកែកយកត្រូវទៀត ចង់ទាំងប្រើប្រាស់អំ….ពីហិ…….ង្សាទៀត ហេតុការណ៍នេះនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា !!!! រូបភាពពីប្រជាពលរដ្ឋ»។
ពិតណាស់ ក្រោយពីបានឃើញទង្វើដ៏គួរឲ្យស្អប់នេះ ឃើញថា មានមហាជនជាច្រើន ដល់ថ្នាក់ស្នើទៅអគ្គស្នងការនគរបាលជាតិ សូមបញ្ជាឲ្យស្រាវជ្រាវបុរសរូបនេះ យកមកវាស់កម្ពស់ ខណៈអ្នកខ្លះឲ្យយកទៅស៊ីបាយគុកពីរបីពេលលេងទៅ កុំឲ្យថ្ងៃក្រោយចេញចរិកក្អេងក្អាងអាងដំបងក្នុងដៃបែបនេះទៀត។
តែទន្ទឹមនឹងវីដេអូនេះ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង បានធ្វើឲ្យមនុស្សមួយចំនួន នាំគ្នាកត់សំគាល់គិតសង្ស័យថា ប្រហែលការសម្តែងទេដឹង? ព្រោះថា បើពិនិត្យឲ្យកាន់តែយូរ រកឃើញថាបុរសអ្នករត់កង់បីចិត្តកាចសាហាវរូបនេះ ស្លៀកពាក់ខុសប្លែកពីអ្នករត់កង់បីដទៃ គឺពាក់វែនតាខ្មៅ ពាក់ម៉ាស ជាពិសេសទុយនុយ ពាក់ស្បែកជើងប៊ូយ៉ាងសង្ហារតែម្តង។ លើសពីនេះ អ្នកបើករថយន្ត ដែលបើកបរត្រឹមត្រូវ មានជម្លោះជាមួយ ក៏គួរឲ្យសង្ស័យថាជាក្រុមថតសម្តែងផងដែរ។
ទោះជាយ៉ាងណា មិនដឹងថានេះជាសម្តែង ឬក៏ការពិតយ៉ាងណាទេ។ ហេតុនេះ មានតែសមត្ថកិច្ចធ្វើការតាមជំនាញប៉ុណ្ណោះ ដែលអាចបញ្ជាក់ជូនសាធារណៈជនបានដឹងការពិត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង