Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប ចង់​ឃើញ​កម្ពុជា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​បន្ថែមទៀត​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប (EU) បាន​លើកឡើង​អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​សហភាព​អឺរ៉ុប​ចង់​ឃើញ​ដំណើរការ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅ​កម្ពុជា ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​បន្ថែមទៀត ។​

​ជា​ការឆ្លើយតប​នឹង ការលើកឡើង របស់​មន្ត្រី​ជាន់ខ្ពស់ សហភាព​អឺរ៉ុប ក្នុងជំនួប​ជាមួយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការក្រសួង សម្តេច​ក្រឡាហោម ស ខេង បាន​អះអាង​ថា កម្ពុជា​គ្មាន​ហេតុផល​ណា ធ្វើ​ការដឹកនាំ​ប្រទេស ដោយ​មិន​ប្រកប​តាម​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា ក្រសួង​មហាផ្ទៃ​ធ្វើ​នាពេល​បច្ចុប្បន្ន​នេះ គឺ​ស្រប​ទៅតាម​នីតិរដ្ឋ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​

​លោក Gunnar Wiegand មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប (EU) បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា បន្ថែមទៀត​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​បញ្ហា​សន្តិសុខ​ក្នុង តំបន់ និង​ពិភពលោក និង​ទប់ស្កាត់​អំពើ​ភេរវកម្ម​រួម​ទាំង​បង្កើន ទំហំ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ជាដើម​។​

​លោក Gunnar Wiegand បាន​លើកឡើង​ថា សហភាព​អឺរ៉ុប​នៅ បន្ត​ជួយ​ដល់​កម្ពុជា​ជានិច្ច ខណៈ​កាលពីពេល​កន្លង​ទៅ​សហ ភាព​អឺរ៉ុប​បាន​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​ជាង​បួន​រយ​លាន​ដុល្លារ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ដល់​ឆ្នាំ​២០១៨​នោះ​។ លោក Gunnar Wiegand បាន​បន្តថា​កម្ពុជា គឺជា​មិត្ត​ដ៏​ល្អ​ជាមួយ​សហភាព​អឺរ៉ុប ហើយ​ពាណិជ្ជកម្ម​របស់ កម្ពុជា​ប្រមាណ​៤០​ភាគរយ​បាន​នាំ​ទៅ​សហភាព​អឺរ៉ុប​ជា​រៀង រាល់​ឆ្នាំ ដូច្នេះ​អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់​ពង្រឹង​បន្ថែមទៀត​ជា មួយ​កម្ពុជា​នោះ​គឺ​លើ​ផ្នែក​សន្តិសុខ​ក្នុង​តំបន់​ក៏ដូចជា​ពិ​ក​ភព​លោក​ព្រមទាំង​រួមគ្នា​កំចាត់​នូវ​អំពើ​ភេរវកម្ម​ជាដើម ។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​លើក ឡើង​ថា កម្ពុជា​ស្វាគមន៍​ជានិច្ច​រាល់​ការគាំទ្រ​របស់​សហភាព អឺរ៉ុប ហើយ​កម្ពុជា​អគុណ​ជានិច្ច​ចំពោះ​សហភាព​អឺរ៉ុប​នៅ​បន្ត ជួយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ដល់​កម្ពុជា​រួម​ទាំង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ក្នុង​ការទប់ស្កាត់​អំពើ​ភេរវកម្ម​និង​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ក៏ដូចជា​ពិភពលោក​នោះ​។ តែ​យ៉ាងណាក្តី​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ គឺ​កម្ពុជា​ធ្វើឡើង​ស្រប​ទៅតាម​ច្បាប់​តែប៉ុណ្ណោះ និង ធ្វើឡើង​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ ខ្មែរ​តែ​ប៉ុណ្ណោះ​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា កម្ពុជា​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ​ជា​និច្ច ហើយ​គ្មាន ហេតុផល​ណា​ដែល​កម្ពុជា​អភិវឌ្ឍ​ប្រទេស​ដោយ​ពុំ​ដើរ​តាម​នូវ​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×