យោងតាមព័ត៌មានដែលចុះផ្សាយក្នុងកាសែត Daily Mail បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១០ ព្រឹកថ្ងៃសៅរ៍ ទី១២ ខែសីហា ផ្ទះមួយកន្លែងនៅទីក្រុង Plum ស្រាប់តែផ្ទុះឡើងដ៏រន្ធត់ ខណៈកាមេរ៉ាផ្ទះក្បែរនោះបានកត់ត្រាហេតុការណ៍ទាំងមូល បង្ហាញកម្លាំងនៃការផ្ទុះបានឆេះផ្ទះមួយខ្នងនោះភ្លាមៗ និងបណ្តាលឲ្យខូចខាតផ្ទះអ្នកជិតខាងចំនួន២ខ្នង។ ហើយទិដ្ឋភាពជុំវិញ ក៏ត្រូវបានផ្លាស់ប្តូរទាំងស្រុង ក្រោយលទ្ធផលនៃការផ្ទុះនេះ បានធ្វើឲ្យកន្លែងកើតហេតុ ប្រៀបដូចជាតំបន់សង្រ្គាម។
តាមព័ត៌មានពីប៉ូលិសបានឲ្យដឹងថា ផ្ទះដែលផ្ទុះនោះជារបស់គ្រួសារលោក Paul Oravitz អាយុ ៥៦ ឆ្នាំ រស់នៅជាមួយប្រពន្ធរបស់គាត់ឈ្មោះ Heather អាយុ ៥១ ឆ្នាំ និងកូនពីរនាក់គឺ Taylor និង Cole ។ គេមិនច្បាស់ថា តើសមាជិកនៃគ្រួសារលោក Oravitz បានរងរបួសឬក៏អត់នោះទេ។ ប៉ុន្តែអ្នកជិតខាងរបស់ពួកគេ បានក្លាយជាជនរងគ្រោះនៃការផ្ទុះនេះ។
តែក្រោយមក គេទទួលបានព័ត៌មានរាយការណ៍ថា មានមនុស្ស ៥ នាក់ ដែលជាអ្នកជិតខាង បានស្លាប់នៅក្នុងហេតុការណ៍សោកនាដកម្មនេះ ក្នុងនោះឪពុកនិងកូនប្រុស Casey Clontz អាយុ ៣៨ ឆ្នាំ និង Keegan អាយុ ១២ ឆ្នាំ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ សីហា ជនរងគ្រោះនៅផ្ទះរបស់ក្រុមគ្រួសារ Oravitz ។ គ្រួសារជនរងគ្រោះមិនបានពន្យល់ពីមូលហេតុនោះទេ ប៉ុន្តែបាននិយាយថា គ្រួសារ Oravitz មានភាពរួសរាយរាក់ទាក់ណាស់ ដូច្នេះហើយ ទើបអ្នកជិតខាង តែងតែទៅលេង។
ជាមួយគ្នានេះដែរ មនុស្សចំនួន៣នាក់ផ្សេងទៀត មានសំណាងណាស់ដែលបានរួចផុតពីការស្លាប់នៃការផ្ទុះនេះ។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្សពីរនាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ចូនចេញពីមន្ទីរពេទ្យ។
ករណីផ្ទះផ្ទុះនេះ ត្រូវបានគេជឿថា បានសង់លើដីដែលធ្លាប់ជាអណ្តូងរ៉ែដែលគេបោះបង់ចោល។ ប្រធានក្រុមហ៊ុន Peoples Gas លោក Michael Huwar បាននិយាយថា បុគ្គលិករបស់គាត់ កំពុងពិនិត្យមើលតំបន់ទាំងខាងលើ និងខាងក្រោមដី ក្រែងមានការលេចធ្លាយណាមួយ។
ប៉ុន្តែ មានព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយ បាននិយាយថា ផ្ទះដែលផ្ទុះនោះ ត្រូវបានសាងសង់នៅលើដីដែលធ្លាប់ជាមីនតោន ដែលធ្វើឲ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា នោះជាមូលហេតុនៃសោកនាដកម្មនេះ ឬយ៉ាងណា។
ក្រោយពេលកើតហេតុ ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងហ្គាស ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព ។ មានក្រុមពន្លត់អគ្គីភ័យចំនួន ១៨ នាក់ បានទៅជួយពន្លត់ភ្លើង ប៉ុន្តែអ្នកពន្លត់អគ្គីភ័យជិត ៦០នាក់ បានរងរបួសស្រាល ហើយក៏ត្រូវបានព្យាបាលនៅនឹងកន្លែងផងដែរ។
គេបានឲ្យដឹងថា អណ្តូងរ៉ែ Renton បានបើកសម្រាប់ការជីកយករ៉ែធ្យូងថ្មនៅឆ្នាំ ១៩១៦ ។ ទោះជាយ៉ាងណាក៏ដោយ អណ្តូងរ៉ែនេះបានឆេះអស់ជាច្រើនសតវត្សមកហើយ ហើយទីភ្នាក់ងារការពារបរិស្ថានរដ្ឋ Pennsylvania ក៏បានចំណាយប្រាក់ចំនួន ៥៥ លានដុល្លារ ដើម្បីសម្អាតទីតាំងទាំងនោះ ដែលមានមីនត្រូវបានបោះបង់ចោលក្នុងរដ្ឋនេះ។
ទោះជាយ៉ាងណា គេក៏មិនច្បាស់ទេថា ភ្លើងនៅក្រោមដីដែលកំពុងឆេះទាំងនោះ នឹងត្រូវពន្លត់នៅពេលណា? ប៉ុន្តែឯកសារសាធារណៈបង្ហាញថា ការសាងសង់ផ្ទះកំពុងដំណើរការនៅទីនេះក្នុងខែតុលា ឆ្នាំ២០២០។
គួរបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២២ ការផ្ទុះនៅលើ Hialeah Drive ដែលមានចម្ងាយប្រហែល ៦ គីឡូម៉ែត្រ ពីការបំផ្ទុះកាលពីថ្ងៃសៅរ៍ ក៏បានផ្ទុះឡើងផងដែរ ដែលបណ្តាលឲ្យគ្រួសារមួយមានគ្នា ៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈមូលហេតុនៃការផ្ទុះនេះមិនត្រូវបានគេប្រកាសឱ្យដឹងឡើយ។
ក្នុងឆ្នាំ ២០០៨ ចម្ងាយមិនដល់មួយគីឡូម៉ែត្រ ផ្ទះមួយទៀត ក៏បានផ្ទុះនៅ Mardi Gras Drive ដោយបានបំផ្លាញផ្ទះជិតខាងចំនួន២ និងខូចខាត ១១ កន្លែងផ្សេងទៀត។ Richard Leith អាយុ ៦៤ ឆ្នាំ ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះនេះ ហើយចៅស្រីរបស់គាត់ឈ្មោះ Gianna អាយុ ៤ ឆ្នាំ បានបាក់ជើង។ មូលហេតុនៃការផ្ទុះនេះ ត្រូវបានគេជឿថាពាក់ព័ន្ធនឹងបំពង់បង្ហូរឧស្ម័ន។
ប្រធានផ្នែកអគ្គីភ័យ Holiday Park លោក James Sims បាននិយាយថា គាត់តែងតែនៅកន្លែងកើតហេតុ ដោះស្រាយការផ្ទុះផ្ទះចំនួន ៦ នៅ Plum ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែការផ្ទុះនៅថ្ងៃទី១២ ខែសីហា ថ្មីៗនេះ គឺជាសេណារីយ៉ូដ៏អាក្រក់បំផុត។ លោកបាននិយាយថា ការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ អាចប្រើពេលយូរប្រហែលជាច្រើនឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង