ថ្មីៗនេះ មហាជន ជាពិសេសអ្នកគាំទ្រ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានដឹងថា តារាចម្រៀងដ៏ល្បីឈ្មោះលោក យឿន សូត្រអនុស្សាវរីយ៍ ត្រូវបាននារីម្នាក់ជាពលករនៅប្រទេសកូរ៉េ បានទម្លាយរឿងរ៉ាវចេញខ្ទេច ក្រោយពីតារាចម្រៀងរូបនេះ ដែលមានទំនាក់ទំនងស្នេហាជាមួយខ្លួនអស់រយៈពេលជិត១ឆ្នាំ រហូតដល់ថ្នាក់នាងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបញ្ជាក់ពីទំហំនៃសេចក្តីស្រលាញ់របស់នាង ចំពោះ អនុស្សាវរីយ៍ ប៉ុន្តែ ចុងក្រោយ នាងពិតជាស្លុតជាខ្លាំង នៅពេលបានដឹងថាតារាចម្រៀងរូបនេះ មានប្រពន្ធរួចទៅហើយ។
ទាក់ទងរឿងនេះ នារីជាពលករនៅកូរ៉េ ដែលមានឈ្មោះថា ស្រីនាង បានរៀបរាប់ឲ្យដឹងថា នាងបានជួប និងចាប់ផ្តើមមានទំនាក់ទំនងស្គាល់គ្នា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក គឺនៅពេលដែលលោក អនុស្សាវរីយ៍ មកច្រៀងនៅប្រទេសកូរ៉េ ហើយនាងក៏បានសុំថតរូបក្នុងនាមជាហ្វេន។ ស្រីនាងបន្តថា បន្ទាប់មក នាង និងលោក អនុស្សាវរីយ៍ ក៏បានប្រែក្លាយមិត្តភាពរវាង Fan និង Idol ទៅជាសង្សារ ដែលបានខលជួបមុខគ្នាតាមឆាតជាវីដេអូ សឹងតែគ្មានលោះថ្ងៃនោះទេ បន្ទាប់ពីលោក អនុស្សាវរីយ៍ បានសារភាពសុំស្រលាញ់ដោយប្រាប់ថា រូបគេធ្លាប់មានប្រពន្ធតែបែកគ្នាហើយ។
ស្រីនាង បានឲ្យដឹងទៀតថា ទន្ទឹមនឹងទំនាក់ទំនងស្នេហាកាន់តែស្និទ្ធស្នាលជាមួយគ្នា លោក អនុស្សាវរីយ៍ បានរុំអុកដោយបង្ខំឲ្យនាងវិលមកស្រុកខ្មែរឲ្យលឿនៗ ដើម្បីបានជួបមុខគ្នា ព្រោះអារម្មណ៍នៃសេក្តីស្នេហាពុះកញ្ជ្រោលខ្លាំង។ ទោះជាយ៉ាងណា នាងបានប្រាប់ថា មិនអាចទៅបានទេ ព្រោះធ្វើការបំពេញទៅតាមអាណត្តិការងារ បើជាគូព្រេងពិតនឹងបានជួបគ្នាហើយ។
ស្រីនាងបន្តថា ដោយសារតែលោក អនុស្សាវរីយ៍ បានព្យាយាមស្កាត់ទៅជួបគ្រួសាររបស់នាង នៅទីរួមខេត្តកំពង់ឆ្នាំង និងសូម្បីតែងខលសួរសុខទុក្ខម្តាយរបស់នាង ជាហេតុធ្វើឲ្យរូបនាង កាន់តែបាក់ចិត្តស្រលាញ់ជឿជាក់ រហូតហ៊ានលះបង់សាក់ចារ «ឈ្មោះ» និង «រូប» របស់តារាចម្រៀងរូបនេះ នៅនឹងដៃរបស់នាង ដោយគ្មានស្តាយក្រោយនោះទេ។
តែអ្វីដែលធ្វើឲ្យនាងស្លុតចិត្តខ្លាំងនោះ គឺខណៈពួកនាងកំពុងល្អូកល្អឺននឹងគ្នា ទោះម្នាក់នៅខ្មែរ ម្នាក់នៅកូរ៉េក៏ដោយ ស្រាប់តែនាងបានប្រទះឃើញគណនីប្រពន្ធលោក អនុស្សាវរីយ៍ បង្ហោះរូបជាប្តីប្រពន្ធនឹងគ្នា ដោយភ្ជាប់សារផ្តាំឲ្យនាងឈប់ទាក់ទងប្តីរបស់ខ្លួនជាបន្ទាន់។ លើសពីនេះ ប្រពន្ធរបស់លោក អនុស្សាវរីយ៍ ដែលគេស្គាល់ឈ្មោះថា ស្រីពេជ្រ ក៏បានប្រាប់គ្រួសាររបស់នាង ឈប់បន្តមានទំនាក់ទំនង និងឲ្យផ្តាំទៅកូនស្រីនៅកូរ៉េ ផ្តាច់ទំនាក់ទំនងស្នេហាជាមួយប្តីរបស់ខ្លួនទៀតផង។
ក្រោយពីដឹងការពិតនេះ ដែលធ្វើឲ្យឈឺចិត្តយ៉ាងខ្លាំង ស្រីនាង ក៏បានបង្ហោះវីដេអូភស្តុងតាងជាបន្តបន្ទាប់ និងសូមឲ្យលោក អនុស្សាវរីយ៍ ចេញមុខសុំទោសនាង និងគ្រួសាររបស់នាងជាសាធារណៈ ចំពោះទង្វើដែលតារាចម្រៀងរូបនេះ បានកុហកបោកប្រាស់ទឹកចិត្តស្រលាញ់ និងការលះបង់របស់នាង និងសូម្បីធ្វើឲ្យខូចកិត្តិយសគ្រួសាររបស់នាងទៀតផង។
ទោះជាយ៉ាងណា នៅពេលរឿងនេះបានបែកធ្លាយ ធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ សម្តែងការហួសចិត្តខ្លាំង ជាហេតុធ្វើឲ្យតារាចម្រៀងរូបនេះ ដែលប្រហែលចង់មានស្នេហាលួចលាក់តែមិនដូចបំណង និងមិនទទួលខុសត្រូវ បានប្រាប់បណ្តាញព័ត៌មានថា ខ្លួនមិនដែលស្គាល់ស្រីនាង នៅកូរ៉េណានោះទេ និងគំរាមឲ្យនាងលុបរូបដែលបានផុសចោលទាំងអស់ ពុំនោះទេរូបគេនឹងធ្វើតាមផ្លូវច្បាប់ ហួសចិត្ត!!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង