ផោម គឺជាយន្តការធម្មជាតិនៃរាងកាយ។ ប៉ុន្តែពេលនៅទីសាធារណៈ មនុស្សជាច្រើនមានទំនោរព្យាយាមគ្រប់គ្រងទប់ ដើម្បីឱ្យអ្នកដទៃរងការប៉ះពាល់តិចបំផុត មិនថាសំឡេង ឬក្លិនដ៏អាម៉ាសនោះទេ។ ប៉ុន្តែសម្រាប់បុរសជិះរថយន្តទេសចរណ៍ម្នាក់ គឺផ្ទុយស្រឡះតែម្តង ដោយគាត់បាន «ផោម» រហូតសាយភាយពេញរថយន្តជាង ៨០ ដង ក្នុងពេលធ្វើដំណើររយៈពេល ៣ ម៉ោង។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គេហទំព័រ Mirror Media បានលាតត្រដាងរឿងដ៏អាម៉ាស់មួយនេះ ដែលបានកើតឡើងលើរថយន្តក្រុងដឹកអ្នកដំណើរក្នុងប្រទេសចិន តាមផ្លូវឆ្ពោះទៅខេត្ត Qinghai កាលពីប៉ុន្មានថ្ងៃមុន គឺនៅពេលដែលអ្នកធ្វើដំណើរដែលអង្គុយនៅខាងក្រោយ ត្រូវបិទច្រមុះជាមួយអាវរបស់ពួកគេ ព្រោះពួកគេមិនអាចទ្រាំនឹងក្លិនស្អុយផោមរបស់អ្នកដំណើរម្នាក់បាន។
អ្នកដំណើរម្នាក់ ដែលបានថតហេតុការណ៍ដ៏ជ្រួលច្របល់នេះ បានបង្ហោះវីដេអូ ដោយភ្ជាប់ Caption គួរឲ្យអស់សំណើចថា៖ «ខ្ញុំស្ទើរនឹងស្លាប់ តើនេះជាកាំភ្លើងយន្តមែនទេ?»។
អ្នកដែលបង្ហោះវីដេអូនោះ ក៏បានសម្តែងការហួសចិត្តថា ផោមនៅលើរថយន្តក្រុង បើអ្នកពិតជាមិនអាចទ្រាំបានទេ មួយផោម ពីរផោម គឺអាចទទួលយកបាន។ ប៉ុន្តែបុរសម្នាក់នេះបាន «ផ្ទុះ» យ៉ាងហោចណាស់ ៧០ ទៅ ៨០ ដង ក្នុងរយៈពេលធ្វើដំណើរ៣ម៉ោង។ លើសពីនេះ ផោមរបស់គាត់មានក្លិនដូចស៊ុតរលួយ។ អ្នកដំណើរម្នាក់ទៀតស្ថិតក្នុងស្ថានភាពវេទនាយ៉ាងខ្លាំង រហូតសម្រេចចិត្តស្រែកស្នើសុំឱ្យអ្នកបើកបរបើកបង្អួច ដើម្បីឱ្យខ្យល់ចេញចូល បើមិនដូច្នោះទេពួកគេនឹងស្លាប់។
បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកនៅលើបណ្តាញសង្គម វាទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ ក្នុងនោះ មនុស្សជាច្រើនបាននាំគ្នាមកបញ្ចេញមតិ មានទាំងអាណិត និងទប់សំណើចមិនបាននោះទេ ខណៈអ្នកខ្លះឆ្ងល់ថា ឈឺពោះឬអត់? ម៉េចក៏មិនចុះទៅបន្ទប់ទឹក?។
ទោះជាយ៉ាងណា អ្នកប្រើបណ្ដាញសង្គមបានគិតថា បុរសអ្នកដំណើរនោះ ហាក់មានរោគសញ្ញាមិនប្រក្រតី អំពីប្រព័ន្ធខាងក្នុង ឬបញ្ហាក្នុងដំណើរការនៃការរលាកក្រពះពោះវៀន។ នេះជាលទ្ធផលធ្វើឱ្យចលនាក្រពះពោះវៀនយឺត ហើយមានអាហារនៅសល់ក្នុងពោះវៀន ហេតុនេះហើយបានជាមានការពិបាកក្នុងខ្លួន ហើយឧស្សាហ៍ផោម មនុស្សខ្លះមានជំងឺហឺត និងមានរោគសញ្ញាផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង