នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានបង្ហាញរឿងរ៉ាវដ៏អស្ចារ្យរបស់ស្ត្រីឈ្មោះ Radha អាយុ ៤៩ ឆ្នាំ ដែលធ្វើការជាកម្មករអនាម័យ នៅក្នុងទីក្រុង Parappanangadi ស្រុក Malappuram រដ្ឋ Kerala ភាគខាងត្បូង នៃប្រទេសឥណ្ឌា និងស្រ្តីកម្មករ១០នាក់ផ្សេងទៀត បានក្លាយជាក្រុមមនុស្សដ៏មានសំណាងបំផុត បន្ទាប់ពីបានរួមគ្នារកលុយទិញសំបុត្រឆ្នោត ហើយក៏លេចចេញលទ្ធផលថាឆ្នោតបានឈ្នះ ដែលក៏ជារង្វាន់ Jackpot ផងដែរ។
យោងតាមរបាយការណ៍កាលពីខែមិថុនាឆ្នាំមុន Radha និងអ្នករួមការងារ១០នាក់ បានទិញសំបុត្រឆ្នោតរដ្ឋក្នុងតម្លៃ ២៥០ រូពី (៣០ ដុល្លារ) និងបន្ទាប់មក ពួកគេបានត្រឡប់ទៅធ្វើការដូចធម្មតា។ រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា Radha បានពិនិត្យលទ្ធផលឆ្នោតតាមទូរស័ព្ទ នាងស្ទើរតែមិនជឿភ្នែក នៅពេលដែលសំបុត្រឆ្នោតនោះឈ្នះ Jackpot ដែលមានតម្លៃ 100 លានរូពី (ស្មើជាង ១លានដុល្លារអាមេរិក)។
Radha បាននិយាយយ៉ាងរំភើបថា៖ «ខ្ញុំស្រែកខ្លាំងៗ ហើយឱបមិត្តរួមការងាររបស់ខ្ញុំ ដែលឈរមិនជឿនោះទេ។ នេះជារឿងល្អបំផុតដែលមិនធ្លាប់មានចំពោះជីវិតរបស់យើង។ យើងបានទិញសំបុត្រច្រើនសន្លឹកពីមុនមក ហើយទីបំផុតពេលវេលារបស់យើងបានមកដល់ហើយ»។
Radha និងមិត្តភ័ក្តិ ១០ នាក់ផ្សេងទៀត ធ្វើការនៅក្នុងផ្នែកតម្រៀបកាកសំណល់ដែលមិនអាចបំបែកបាន ស្ថិតក្នុងចំណោមមនុស្សមកពីវណ្ណៈទាប ក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលងាយ។ ដូច្នេះ ពួកគេត្រូវប្រឈមនឹងការលំបាក ដោយតស៊ូរកប្រាក់ឈ្នួលប្រចាំថ្ងៃប្រហែល 400 រូពី (ជិត ៥ ដុល្លារ) ខណៈមនុស្សជាច្រើនត្រូវជំពាក់បំណុលគេ។ ពួកគេបានលះបង់លុយដែលសំខាន់សម្រាប់ជីវិតរបស់ពួកគេ ដើម្បីលេងល្បែង។ ព្រោះជឿថា វាគួរតែជាមធ្យោបាយតែមួយគត់ដើម្បីផ្លាស់ប្តូរជីវិតរបស់គាត់។
ប៉ុន្តែ លើកមុន ពួកគេគ្មានលុយគ្រប់គ្រាន់ ដើម្បីទិញសំបុត្រមួយសន្លឹកទេ ដូច្នេះពួកគេបានរួមលុយគ្នា ២៥ រូពី ក្នុងម្នាក់ ដើម្បីទិញសំបុត្រ។ ប៉ុន្តែទោះបីជាពួកគេបែងចែកគ្នាក៏ដោយ ក៏សមាជិកក្រុមអាយុ៦៥ឆ្នាំ មិនមានលុយគ្រប់គ្រាន់ដើម្បីចែករំលែកទេ។ ប៉ុន្តែ ដោយគាត់ជាមនុស្សចាស់ ដូច្នេះគ្មានអ្នកណាបណ្ដេញចេញពីក្រុមឡើយ។ ប៉ុន្តែសម្រាប់ Radha និងបងប្អូនជីដូនមួយអាយុ៦៤ឆ្នាំ ដែលធ្វើការជាមួយគ្នា បានបែងចែកប្រាក់ចែកពាក់កណ្តាលក្នុងម្នាក់ៗ ១២,៥០ រូពី។
តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់មក ក្តីសុបិន្តដែលពួកគេមិនហ៊ានសុបិន បានក្លាយជាការពិត។ ពួកគេបានឈ្នះ Jackpot ដោយមិននឹកស្មានដល់។ មិត្តភ័ក្តិ និងសាច់ញាតិ រួមទាំងមនុស្សជាច្រើនក្នុងសហគមន៍ បានផ្ញើសារអបអរសាទរដល់ពួកគេជាខ្លាំង។ ពួកគេត្រូវបានគេនិយាយថាជា «ស្ត្រីដែលមានសំណាងបំផុតនៅលើពិភពលោក»។
ស្ត្រីមេម៉ាយអាយុ ៧៤ ឆ្នាំ ដែលជាអ្នករើសសំរាមធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ បាននិយាយថា «ខ្ញុំសង្ឃឹមថា Jackpot នេះនឹងបញ្ចប់ភាពវេទនារបស់ខ្ញុំជារៀងរហូត។ អស់សង្ឃឹម និងពិបាក ខ្លះឈឺ ខ្ចីលុយគេព្យាបាល ក្ស័យធន មិនដឹងយកលុយទៅបង់ឯណា។ ទីជម្រក និងកន្លែងដេក មានមនុស្សច្រើន និងបញ្ហាជាច្រើនទៀត ពិតជាលំបាកខ្លាំងណាស់។ ដូច្នេះ Jackpot នេះគឺជាអំណោយពីព្រះ»។
ទោះជាយ៉ាងណាក៏ដោយ ពួកគេទាំងអស់បានទទូចថា នឹងមិនឈប់ពីការងារឡើយ។ ដោយសារពួកគេស្រឡាញ់ការងារដែលពួកគេធ្វើ ដែលមានតួនាទីសំខាន់ក្នុងការរក្សារដ្ឋឱ្យស្អាតស្អំ ទោះជាការងារដែលមនុស្សមើលងាយ និងទទួលបានប្រាក់ខែតិចក៏ដោយ។ ពួកគេក៏ចាត់ទុកមិត្តរួមការងារជាមិត្តពេញមួយជីវិត ឬសមាជិកគ្រួសារផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង