នេះជារឿងដែលអ្នកបើកបររថយន្តឲ្យជំទាវម្នាក់ និទាន ៖
ពេលព្រឹកគាត់ឡើងរថយន្ត ហើយបញ្ជាឲ្យចេញដំណើរ ។ ទើបផុតក្លោងទ្វារភូមិគ្រឹះ មិនទាន់ចុច “តេឡេ” បិទទ្វារផង គាត់ប្រាប់ខ្ញុំ ខ្ញុំឈប់រថយន្ត ។ គាត់បើកទ្វាររថយន្ត ហើយដើរសំដៅទៅកង់ដឹកបន្លែស្រស់ៗមួយកំពុងឈប់ ។ អ្នកលក់គឺជាយាយចាស់ម្នាក់ ។ គាត់សួរ ៖
-យាយត្រកួន ១ដុំ ប៉ុន្មាន?
-១ដុំ ២៥០០រៀល លោកក្មួយ !
-២០០០រៀលទៅ ខ្ញុំយក ៣ដុំ !
-អឺ… អឺ អញ្ចឹងក៏បាន ថ្ងៃនេះលក់ពុំសូវដាច់ផងហ្នឹង។
លោកជំទាវចង្អុលដុំត្រកួនឲ្យខ្ញុំយកចូលចង្ក្រានបាយក្នុងផ្ទះ ។ …រថយន្តបន្តដំណើរទៅទទួលមិត្តភក្តិគាត់ ២នាក់ ទៀតដើម្បីទៅពិសារអាហារពេលព្រឹកនៅភោជនីយដ្ឋានធំមួយ។ “បាន! លោកជំទាវអស់ ៩៧.០០០រៀលបាទ” មេការពោល ។ “ចំពោះ!លុយ ១០ម៉ឺន យកទាំងអស់ទៅមិនបាច់អាប់ទេ!” គាត់ហុចលុយបណ្តើរ ពោលបណ្តើរហាក់ដូច “សម្បើមណាស់” ។
ខ្ញុំពិតជាឆ្ងល់ណាស់! ត្រកួនយាយចាស់ម្នាក់លក់តែ ២៥០០រៀល ១ដុំ គាត់តឲ្យចុះ ៥០០រៀល សរុបគឺ “ចំណេញបាន ១៥០០រៀល” ប៉ុន្តែខុសត្រូវមួយផ្នែកគាត់ចំណាយ ៣០០០រៀល ទាំងទឹកមុខ… រីករាយទៀតផង ។
នេះឬ….!? បូព៌ា