យន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់ចូលទៅក្នុងផ្លូវបួនគន្លង នៅជិតរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា ឆ្នាំ២០២៣) បានបណ្តាលឲ្យបាត់បង់ជីវិត១០នាក់ (ក្នុងនោះ មនុស្ស ៨ នាក់ នៅលើយន្តហោះ និងអ្នកបើកបរ២នាក់នៅលើដី)។
វីដេអូឃ្លីបពីកន្លែងកើតហេតុ បានបង្ហាញឱ្យឃើញ យន្តហោះនោះបានផ្ទុះឆេះដុំភ្លើងសន្ធោសន្ធៅ ខណៈផ្សែងខ្មៅយ៉ាងក្រាស់ បានផុសចេញពីកន្លែងធ្លាក់នោះ។
មេប៉ូលីស Mohamad Iqbal Ibrahim បានប្រាប់ AFP ឲ្យដឹងថា «មនុស្សយ៉ាងតិច១០នាក់បានស្លាប់ នៅក្នុងការធ្លាក់យន្តហោះនេះ។ ជនរងគ្រោះរួមមាន អ្នកធ្វើដំណើរលើដី២នាក់ (ម្នាក់ជិះក្នុងរថយន្ត និងម្នាក់ទៀតជិះម៉ូតូ) និងព្រមទាំងមនុស្សនៅលើយន្តហោះ៨នាក់ទៀត»។
ប៉ូលិសបាននិយាយថា លោក Johari Harun ដែលជាសមាជិកសភា នៅកណ្តាលរដ្ឋ Pahang ទទួលបន្ទុកលំនៅដ្ឋាន និងបរិស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកដំណើរក្នុងយន្តហោះដែលត្រូវបានធ្លាក់នេះផងដែរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី (CAAM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកដំណើរ ៦ នាក់ និងនាវិក២នាក់ នៅលើយន្តហោះ Beechcraft Model 390 នៅពេលដែលវាបានធ្លាក់។
នាយកប្រតិបត្តិ CAAM លោក Norazman Mahmud បាននិយាយថា យន្តហោះនេះបានហោះចេញពីកោះរមណីយដ្ឋានភាគខាងជើង Langkawi ហើយកំពុងខិតជិតអាកាសយានដ្ឋាន Sultan Abdul Aziz Shah ក្នុងរដ្ឋ Selangor ភាគខាងលិចនៃរដ្ឋធានី Kuala Lumpur ។
ទោះជាយ៉ាងណា លោក Mahmud បានបញ្ជាក់ថា ការស៊ើបអង្កេតលើការធ្លាក់យន្តហោះនេះ នឹងត្រូវធ្វើឡើងដោយការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់អាកាស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង