យោងតាមគេហទំព័រ Dailystar បានឲ្យដឹងថា Akbar Salubiro អាយុ ២៥ ឆ្នាំ បានចាប់ផ្តើមប្រមូលផលដូងប្រេង នៅតំបន់ដាច់ស្រយាលនៃខេត្ត West Sulawesi ប្រទេសឥណ្ឌូនេស៊ី កាលពីពេលកន្លងទៅ ប៉ុន្តែ ដោយសារមិនបានឃើញគាត់វិលត្រឡប់មកផ្ទះវិញ គ្រួសារក៏នាំគ្នាស្វែងរក។ នៅម៉ោង ១០ យប់ថ្ងៃបន្ទាប់ ពួកគេបានរកឃើញពស់ថ្លាន់យក្សប្រវែង ៧ ម៉ែត្រ នៅពីក្រោយចម្ការរបស់ Akbar ។
ដោយសង្ស័យពស់ថ្លាន់បានលេប Akbar អ្នកភូមិបានព្យាយាម «កម្ទេច» វា ហើយបានប្រើកាំបិត ដើម្បីវះពោះសត្វល្មួនយក្សនេះ។ ពួកគេពិតរន្ធត់ចិត្តជាខ្លាំង នៅពេលពួកគេបានប្រទះឃើញសាកសពរបស់ Akbar ដែលស្ថិតក្នុងសម្លៀកបំពាក់ដេកនៅក្នុងពោះពស់ថ្លាន់។
មេភូមិ Salubiro Junaidi បាននិយាយថា «មនុស្សបានឮសម្រែកពីព្រៃនៅពេលយប់ មុនពេល Akbar ត្រូវបានរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់។ នៅពេលដែលពស់ថ្លាន់ត្រូវបានចាប់បាន ស្បែកជើងកវែង Akbar គឺអាចមើលឃើញយ៉ាងច្បាស់នៅក្នុងពោះរបស់វា។
កាលពីឆ្នាំមុន ស្ត្រីម្នាក់បានដែលបាត់ខ្លួន ក៏ត្រូវបានរកឃើញនៅក្នុងពោះពស់ថ្លាន់មួយក្បាលផងដែរ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ជនរងគ្រោះ Jahrah អាយុ ៥៤ ឆ្នាំ រស់នៅខេត្ត Jambi ភាគខាងលិចកោះស៊ូម៉ាត្រា បានចូលព្រៃក្បែរផ្ទះរបស់គាត់ ដើម្បីប្រមូលអុសកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២២ ហើយមិនបានត្រឡប់មកវិញទេ។ ក្រោយការស្វែងរកអស់រយៈពេល២ថ្ងៃ អ្នកស្រុកបានប្រទះឃើញពស់ថ្លាន់មួយក្បាលមានសភាពពោះមូលដ៏ចម្លែកគួរឲ្យសង្ស័យ។ បន្ទាប់មក ពួកគេបានរកឃើញសាកសពរបស់ស្រ្តីរងគ្រោះ ខណៈពេលដែលអ្នកភូមិធ្វើការវះពោះរបស់វា។
យោងតាមលោកមេភូមិ Anto ពស់ថ្លាន់នោះប្រហែលជាបានប្រើដងខ្លួនរបស់វាដើម្បីគៀប Jahrah បន្ទាប់មកបានលេបជនរងគ្រោះទាំងមូល។ ការរំលាយអាហារពេញលេញនៃសត្វល្មួនយក្ស ជាធម្មតាចំណាយពេលច្រើនសប្តាហ៍ ដូច្នេះរាងកាយរបស់ Jahrah ភាគច្រើននៅដដែល រួមទាំងសម្លៀកបំពាក់របស់នាងផងដែរ។
នៅពេលនោះ លោកមេភូមិ Anto បាននិយាយថា ប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះបានឃើញពស់ថ្លាន់យក្សមួយចំនួននៅជិតកន្លែងរបស់ខ្លួន។ អ្នកភូមិព្យាយាមចាប់ពស់ថ្លាន់ប្រវែងជាង ៨ម៉ែត្រ តែមិនបានសម្រេច ព្រោះវាកម្លាំងខ្លាំងពេក។
យោងតាមកាសែត Daily Mail ពស់ថ្លាន់យក្សមានច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពួកវារស់នៅក្នុងព្រៃដាច់ស្រយាល ហើយស៊ីសត្វព្រៃ ប៉ុន្តែជួនកាលសូម្បីតែមនុស្សក៏ជាចំណីរបស់វាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង