ប្រទេសសិង្ហបុរីបានប្រកាសពីការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយនឹងប្រទេសកូរ៉េខាងជើង ខណៈដែលអង្គការសហប្រជាជាតិ និងអាមេរិចកំពុងស្វែងរកវិធីការឲ្យតឹងបន្ថែមទៀតប្រឆាំងនឹងរបបផ្តាច់ការមួយនេះ។
បើតាមគយរបស់ប្រទេសិង្ហបុរី បានឲ្យដឹងថា រាល់ទំនិញពាណិជ្ជកម្មទាំងអស់មកពី ឬក៏ទៅកូរ៉េខាងជើងត្រូវហាមឃាត់ចាប់តាំងពីថ្ងៃទី ៨ ខែវិច្ឆិកា នេះតទៅ។ អ្នកដែលប្រព្រឹត្តិល្មើសនឹងបំរាម នឹងត្រូវទទួលរងការផាកពិន័យ ឬក៍អាចប្រឈមជាប់គុករហូតដល់ ២ឆ្នាំ។
ការប្រកាសពីការផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មនេះ ធ្វើឡើងខណៈដែលអង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើង ក្រោយពេលរបបកុម្មុនិស្តនេះបានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី ៦។
ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៨ របស់កូរ៉េខាងជើង ប៉ុន្តែទំហំពាណិជ្ជកម្មរបស់កូរ៉េខាងជើងជាមួយនឹងសិង្ហបុរីស្មើតែប្រមាណ ០,២ភាគរយប៉ុណ្ណោះ។
ដៃគូជំនួញដ៍ធំបំផុតរបស់កូរ៉េខាងជើងគឺប្រទេសចិន ដែលមានទំហំពាណិជ្ជកម្មស្មើរហូតដល់ ៩០ភាគរយនៃពាណិជ្ជកម្មសរុប។
កាលពីខែមករា ឆ្នាំ ២០១៦ ក្រុមហ៊ុនសិង្ហបុរីមួយឈ្មោះ Chinpo Shipping បានទទួលរងការពិន័យជាទឹកប្រាក់ចំនួន ១២៥.៧០០ដុល្លាអាមេរិចដោយសារតែក្រុមហ៊ុននេះសម្របសម្រួលការដឹកជញ្ជូនអាវុធពីប្រទេសគុយបា ទៅកូរ៉េខាងជើង។
បច្ចុប្បន្ន សិង្ហបុរីនៅតែរក្សាទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ចំនែកព្យុងយ៉ាងវិញនៅតែរក្សាស្ថានទូតរបស់ខ្លួននៅតំបន់ហិរញ្ញវត្ថក្នុងប្រទេសសិង្ហបុរី៕ សុភ័ក្ត្រ