ភ្នំពេញ៖ យុទ្ធនាការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនានា នៅតែបន្តធ្វើឡើងដោយមន្ត្រីរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព នៃការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានឯកភាពឲ្យមានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ១៦០រៀល/លីត្រ ពោលគឺ ៣,៩៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង៣,៧៥០រៀល សម្រាប់ប្រេងម៉ាស៊ូត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
សម្រាប់ថ្ងៃទី១៩ នៃយុទ្ធនាការនេះ មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះទៅកាន់ស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៨៧ ស្ថានីយទូទាំងប្រទេស ដែលមានដូចខាងក្រោម៖ + ខេត្តមណ្ឌលគិរី៖ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ០៩ទីតាំងក្នុងខេត្តមណ្ឌលគិរី ។ + ខេត្តកណ្ដាល៖ មន្ត្រីសាខាកាំកុងត្រូលខេត្ត កណ្ដាល បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ៣៨ទីតាំង ក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ខេត្តកណ្ដាល។ + ខេត្តកំពង់ស្ពឺ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ១៥ទីតាំង ។ + រាជធានីភ្នំពេញ៖ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកំពង់ផែអន្តរជាតិភ្នំពេញ និងសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចុះទៅត្រួតពិនិត្យ និងណែនាំស្ថានីយប្រេងបានចំនួន ២៥ទីតាំង នៅក្នុងខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ។
ចំពោះស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដែលបានរកឃើញមានបញ្ហាជាមួយតម្លៃប្រេង មន្ត្រីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការសម្របសម្រួល និងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់នោះ ធ្វើការកែប្រែតម្លៃប្រេងភ្លាមៗ ទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីរួមចំណែកដោះស្រាយការលំបាក និងជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទាំងប្រទេស៕ ដោយ៖បញ្ញាស័ក្តិ