ជឿថា ប្រិយមិត្តជាច្រើន នៅចាំបានហើយ ទាក់ទងនឹងករណីដ៏មហាហួសថ្លែងបំផុតមួយ គឺនៅពេលលោកប៉ូលិសស័ក្ដិ៣ ម្នាក់ឈ្មោះ ហេង ហាប់ បានទៅដកលុយចំនួន ២០$ នៅផ្ទះវីងមួយកន្លែងនៅម្តុំទួលគោក ស្រាប់តែបន្លំលួច IPad ហើយត្រូវបានម្ចាស់ផ្ទះបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពចាប់បានស្តែងៗ នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនផ្ទុះភ្ញាក់ផ្អើលខ្លាំងតែម្តង កាលពីឆ្នាំ២០១៩។
តែអ្វីដែលមិននឹកស្មានដល់នោះ កាលពីពេលថ្មីៗនេះ ស្រាប់តែលេចធ្លាយដំណឹងថា លោកប៉ូលិសស័ក្ដិ៣ រូបនេះ ដែលធ្លាប់មានប្រវត្តិជាប់ឈ្មោះជាចោរលួច IPad និងក៏ត្រូវបានម្តាយបង្កើតអះអាងថា កូនប្រុសរបស់ខ្លួនមានបញ្ហាខួរក្បាល បែរជាឥឡូវនេះ បានក្លាយជាស្នងការរងខេត្តកំពត ដែលលឺហើយធ្វើឲ្យមហាជននាំគ្នាហួសចិត្តយ៉ាងខ្លាំង។ នេះបើតាមលិខិត «តែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ» ដែលមានឈ្មោះលោកវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបានចុះហត្ថលេខាដោយសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះ Leakhena Jeanana បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញសកម្មភាពលោកប៉ូលីសសក្តិបី ហេង ហាប់ បានចូលទៅដកលុយចំនួន ២០ ដុល្លារ រួចបន្លំលួចយក Ipad មួយគ្រឿង ពីកន្លែងវេរលុយរបស់គាត់។
ក្រោយពីលោកស័ក្តិ៣ ហេង ហាប់ ដែលបន្លំចូលលួចយក iPad ល្បីផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក៏បានចេញបទបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣រូបនេះ បញ្ជូនខ្លួនទៅកាន់តុលាការ។ ទោះជាយ៉ាងណា បន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលរូបនេះ ក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ និងត្រូវបានបញ្ជាក់ថា ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរក៏បានសម្របសម្រួលបញ្ចប់រឿង ដោយម្ចាស់ផ្ទះវីង មិនបានដាក់ពាក្យបណ្តឹងអ្វីនោះទេ។
តែទោះជាយ៉ាងណា ប្រការមួយនេះបានធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន ពិសេសអ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុកតែម្តង បានផ្ទុះប្រតិកម្មរិះគន់ឡើងព្រោងព្រាតជាថ្មី បន្ទាប់ពីបានដឹងថា លោកប៉ូលិសស័ក្ដិ៣ ហេង ហាប់ ដែលធ្លាប់មានប្រវត្តិលួច IPad គេ ស្ងាត់ៗ ស្រាប់តែបានក្លាយជាស្នងការខេត្តកំពត បែបនេះ។
ក្រោយពីបានឃើញបែបនេះ ក្នុងនោះគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាព អមជាមួយលិខិតតែងតាំង និងភ្ជាប់សារទាំងហួសចិត្តថា៖ «លោក ហេង ហាប់ ដែលធ្លាប់រងការរិះគន់ពីមហាជន រឿងលួច IPad កាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅនោះ ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តកំពត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ!!! សូមផ្ដាំផ្ញើបងចោរទាំងឡាយ សូមកុំអស់សង្ឃឹមជាប់ទោសក៏អាចជាប់ជាមន្ត្រី មានតួរនាទីធំដុំកើតដែរ ! ប្រញាប់ឡើង៤ឆ្នាំទេក្លាយជាអ្នកធំកើត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង