រងការចោទប្រកាន់ថា មានទាក់ទងដល់ករណីពុករលួយទឹកប្រាក់ ១៧០លានដុល្លារ ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី Setya Novanto ពេលនេះកំពុងត្រូវឃុំខ្លួននៅមន្ទីរពេទ្យ បន្ទាប់ពីស្ថាប័នស៊ើបអង្កេតចេញបទបញ្ជាជាបន្ទាន់មួយ។

ស្ថាប័នប្រឆាំងអំពើពុករលួយឥណ្ឌូ KPK ថ្ងៃទី ១៥/១១ បានចេញបទបញ្ជាចាប់ខ្លួនប្រធានរដ្ឋសភាប្រទេសនេះ គឺលោក Setya Novanto -មេដឹកនាំគណបក្ស Golka ធំលំដាប់ទី២នៅឥណ្ឌូណេស៊ី។ បន្ទាប់មកស្ថានប័ននេះបានចូលផ្ទះលោក Novanto ប៉ុន្តែពុំបានឃើញរូបលោកទេ។ ហេតុការណ៍នេះបានធ្វើឲ្យលេចឮពាក្យចរចាមអារាមថា ប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានគេចខ្លួនក្រោយពីមានបទបញ្ជាប្តឹងតាមចាប់ខ្លួនលោក។
នៅល្ងាចថ្ងៃទី ១៦/១១ រឿងរ៉ាវមានការប្រែប្រួលស្មុគស្មាញជាងមុនបន្ទាប់ពីលេចឮព័ត៌មានថា លោក Novanto មានគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីលោកបង្ហាញវត្តមាននៅទីស្ថនាក់ការកណ្តាលរបស់ KTK ។ មេធាវីរបស់លោក Novanto លោក Fredrich Yunadi ឲ្យដឹងថា អ្នកបើកបរពុំប្រមូលផ្តុំអារម្មណ៍ធ្វើឲ្យកើតឡើងនូវគ្រោះថ្នាក់ជាហេតុនាំឲ្យលោក Novanto ចូលមន្ទីរពេទ្យ។ លោកមេធាវី Yunadi និយាយថា “លោក Novanto ពេលនេះមានសុខភាពខ្សោយដោយសារតែស្នាមរបួសនៅដៃ និងក្បាល។ លោកស្ទើតែពុំអាចក្រោកអង្គុយបាន។ លោកក៏ពុំទាន់អាចនិយាយ និងទើបតែបើកភ្នែករួច”។ កងប្រដាប់អាវុធរបស់ KTK កំពុងស្ថិតនៅមន្ទីរពេទ្យយាមការពារលោក Novanto។
ប្រធានរដ្ឋសភា Novanto រងការចោទប្រកាន់ថា ជាអ្នកដើរនាទីស្នូលក្នុងរឿងពុករលួយទ្រង់ទ្រាយធំទាក់ទងដល់គ្រោងការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិចត្រូនិចដល់ពលរដ្ឋឥណ្ឌូណេស៊ី។ តាមស្ថាប័នស៊ើបអង្កេតនោះ លោក Novanto ស្ថិតក្នុងក្រុមអ្នកតំណាងរាស្ត្រ និងពាណិជ្ជករដែលបានកិបកេងលុយ ១៧០លានដុល្លារ ពីថវិការចំណាយសម្រាប់លើគ្រោងការនេះ។
ដំបូងឡើយលោក Novanto តែងធ្វើព្រងើយចំពោះលិខិតអញ្ជើញរបស់ KTK ប៉ុន្តែក្រោយពីមានបទបញ្ជាថា ប្រសិនបើលោក ពុំបង្ហាញខ្លួននោះនឹងត្រូវចាប់ខ្លួនទើបលោកចេញទៅបង្ហាញវត្តមាន ហើយក៏កើតឡើងគ្រោះថ្នាក់ចររាចរណ៍តែម្តង៕ សូយន