ជាការពិតណាស់ ការរកស៊ីលក់ដូរ ជាពិសេសតាមអនឡាញក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ គឺពិតជាមានភាពងាយស្រួលយ៉ាងខ្លាំង ក្នុងការទិញលក់ដូរផលិតផល ឬ ទំនិញផ្សេងៗ ដោយគ្រាន់តែទូទាត់ ឬ Pay លុយពីចម្ងាយ តាមរយៈសេវា App វេ/ដកលុយរបស់ធនាគារជាការស្រេច។
តែទន្ទឹមនឹងភាពងាយស្រួលនេះ ក៏មានករណីចោរអ៊ីនធើរណែត តែងលួច Hack ចូលគ្រប់គ្រងគណនីរបស់អ្នកប្រើប្រាស់សេវាកុងធនាគារជារឿយៗផងដែរ គឺបន្ទាប់ពីចោរបានប្រើវិធីដូចជាសួរនាំព័ត៌មានផ្សេងៗ ដែលអ្នកប្រើប្រាស់ App ធនាគារ មិនមានការយល់ដឹងពីប្រព័ន្ធសុវត្ថិភាព IT ។
ជាក់ស្តែង ដូចករណីនេះ គឺជាល្បិចបោកថ្មី ដែលប្រសិនបើមិនចាប់អារម្មណ៍ទេ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមិនមានការយល់ដឹងពីសុវត្ថិភាពការប្រើប្រាស់ App អាចនឹងត្រូវបានចោរអ៊ិនធើរណែត «ប្រមូល» លុយពីកុងធនាគារអស់មិនដឹងខ្លួន។ នេះបើតាមនារីជាអ្នកលក់អនឡាញម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Eve Tang ដែលស្ទើរតែក្លាយជាជនរងគ្រោះ បានបង្ហោះវីដេអូឆាតពីល្បិចបោកប្រាស់របស់ចោរ និងភ្ជាប់សារឲ្យបងប្អូនអ្នករកស៊ីតាមអនឡាញដូចគ្នាមានការប្រុងប្រយ័ត្នថា៖ «មានគេចង់មកបោកលុយខ្ញុំទៀតហើយ បងៗអូនៗត្រូវប្រុងប្រយ័ត្នអោយមែនទែន ជាពិសេសអ្នកលក់អនឡាញ»។
ក្នុងវីដេអូ អ្នកលក់អនឡាញខាងលើ បានរៀបរាប់ឲ្យដឹងថា ជនចង់បោកប្រាស់នោះ បានឆាតមកទិញអ៊ីវ៉ាន់ទាំងព្រឹក ហើយនិយាយពីថាទិញយ៉ាងស្រួល គឺទិញរបស់ថ្លៃជាងគេប្រចាំហាងទៀត។ ហើយបន្ទាប់មក បានទម្លាក់លេខ និងទីតាំង យ៉ាងលឿន ហើយសុំឲ្យ Pay លុយតាមវីង (Wing)។ ប៉ុន្តែ នៅពេលឲ្យបាញ់លុយតាម QR Code វីង ស្រាប់តែប្រើយុទ្ធសាស្រ្តបោកថា ខ្លួនប្រើជាវីងអនឡាញ អ៊ីចឹង សុំឲ្យអ្នកលក់ចូលទៅកាន់ Setting រួចពិនិត្យមើល និងផ្ញើលេខកូដ ៦ ខ្ទង់ឲ្យខ្លួន ដើម្បីអាចបាញ់ចូលបាន។
ទោះជាយ៉ាងណា ដោយសារតែមានការចាប់អារម្មណ៍ និងអាចយល់ដឹងច្បាស់ថា លេខកូដ ៦ ខ្ទង់ នេះជាលេខសម្ងាត់ផ្ទាល់ខ្លួន ស្រីស្អាតជាអ្នកលក់តាមអនឡាញ ក៏មិនបានផ្តល់លេខ ៦ ខ្ទង់ ឲ្យនោះទេ និងប្លុក Telegram ជនប្រើល្បិចបោករូបនោះចោលភ្លាមៗតែម្តង ដែលមានគណនីតេឡេក្រាមឈ្មោះថា Pisith Hong។
សូមបញ្ជាក់ថា ករណីនេះ មិនមែនទើបកើតឡើងដំបូង មកលើស្រីស្អាតអ្នកលក់តាមអនឡាញម្នាក់នេះទេ គឺមានអ្នកលក់ដទៃទៀត ក៏បានជួបករណីនេះផងដែរ។ ក្នុងនោះ អ្នកលក់ដូរតាមអនឡាញជាច្រើន បានចូលខមិនលើកឡើងដូចៗគ្នាយ៉ាងដូច្នេះថា៖ «ខាងខ្ញុំក៏ធ្លាប់ជួបចឹងដែរ តែមនុស្សស្រី, អាខោនហ្នឹង ក៏ឆាតមកញុមចឹងដែរបង, វាក៏មកបោកខ្ញុំដែរបង តែបោកអត់បាន សំណាងហើយ ខ្ញុំ call ទៅសួរភ្នាក់ងារ wing ទាន់ កុំអីស្ពៃបស់វាបាត់!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង