Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ សរុប ៦​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ រដ្ឋសភា ពេញអង្គ​ចំនួន​៦៥​រូប បានអនុម័ត​ទាំងស្រុង​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៨ ដែល គ្រោង​នឹង​ចំណាយ ប្រមាណ​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​កិច្ចប្រជុំពេញអង្គ​របស់​រដ្ឋសភា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​ការអញ្ជើញ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ កិច្ចប្រជុំ​នៅ​ថ្ងៃនេះ មាន​របៀបវារៈ​ចំនួន​៥​ធំៗ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​រដ្ឋសភា​ទំនង​ត្រូវ​ចំណាយ​ពេលវេលា​ពេញ​មួយថ្ងៃ ដើម្បី​ប្រជុំពិភាក្សា និង​អនុម័ត​របៀបវារៈ​ចំនួន​៥​ក្នុង​ថ្ងៃ​សុក្រ ទី​១៧ ខែ​វិច្ឆិកា​នេះ​។​

​បើ​យោងតាម​របាយការណ៍ ខ្លឹមសារ​សង្ខេប ស្តីពី​សេចក្តីព្រាងច្បាប់​ថវិការ​ជាតិ ឆ្នាំ​២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​នៅ​ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ចំណាយ​ថវិការដ្ឋ សរុប​ចំនួន ២៤៣៧៥១០២​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​១៥,២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន ២១១៥១៩៨៥​លាន​រៀល ស្មើ​នឹង​ប្រមាណ​ជាង​៥២០០​លាន​ដុល្លារ​អាមេរិក​។​

​ចំណាយ​សរុប​ថវិការដ្ឋ ឬ​ថវិកា​ជាតិ មាន​ដែល​ប្រមាណ​៦​ពាន់​លាន​ដុល្លារ ត្រូវបាន​បែងចែក​ជា​២​ធំៗ​គឺ ទី​១៖ ចំណាយ​ចរន្ត​ថវិការដ្ឋ ចំនួន ១៥៩៤៥៤១៨​លាន​រៀល (​ប្រហាក់ប្រហែល​៣៩៨០​លាន​ដុល្លារ​) ទី​២៖ ចំណាយ​មូលធន​ថវិការដ្ឋ ចំនួន ៨៤២៩៦៨៤​លាន​រៀល (​ប្រហាក់ប្រហែល​២១០០​លាន​ដុល្លារ​)​។​រាជរដ្ឋាភិបាល​កម្ពុជា បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ឆ្នាំ​២០១៨​ថា អាច​នឹង​បន្ត​កើន​ឡើង​ក្នុង​អាត្រា​៦,៩% ដូច​ឆ្នាំ​២០១៧ ដែល​ធ្វើឲ្យ ផលិតផល​ក្នុងស្រុក (​ផ​.​ស​.​ស​-GDP) តាម​ថ្លៃ​បច្ចុប្បន្ន​កើនឡើង​ដល់ ៩៩១១៦០៤១​លាន​រៀល ប្រមាណ​ជា ២៤៥៥២​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល ផ​.​ស​.​ស សម្រាប់​មនុស្ស​ម្នាក់ ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់ ១,៥៦៨​ដុល្លារ​អាមេរិក ដែល​មាន​ការកើនឡើង​ជាង​ឆ្នាំ​២០១៧ ត្រឹមតែ​១៤៣៥​ដុល្លារ​តែ​ប៉ុណ្ណោះ​។​

​របៀបវារៈ​ទាំង​៥ ដែល​រដ្ឋសភា​បានអនុម័ត​មក​ប្រជុំ​ពិភាក្សា​នៅ​ថ្ងៃនេះ​មាន ទី​១-​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​បន្ថែមចំនួន​២​រូប សម្រាប់​គណៈកម្មការ​នា​នា​នៃ​រដ្ឋសភា​។ ទី​២-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។ ទី​៣-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​។ ទី​៤-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ធម្មនុញ្ញ​នៃ​មជ្ឈមណ្ឌល​ត្រៀម​បង្ការ​គ្រោះ​មហន្តរាយ​អាស៊ី​។​

​ចំណែក​របៀបវារៈ ទី​៥-​ការពិភាក្សា និង​អនុម័ត​នូវ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​មួយចំនួន ស្តី​ពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល​។ កិច្ចព្រមព្រៀង​ទាំង​៤​នោះ មាន ទី​១-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ស្តី​ពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​និង​ពន្ធ​លើ​ប្រាក់ចំណូល​។ ទី​២-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ ទី​៣-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះ​ចៅ​ស៊ុល​តង់ និង​យ៉ាង​ឌឺ​ពើរ​តួ​ន នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ទី​៤ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។​

​រដ្ឋសភា ដែល​បាន​ដំណើរការ​ប្រជុំ​តាំងពី​ម៉ោង​៨​ព្រឹក​មក ទំនង​ត្រូវ​ចំណាយពេល​ពេញ​មួយ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​តាម​របៀបវារៈ​ទាំង​នោះ​។ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​សម័យប្រជុំ​រដ្ឋសភា​នេះ នៅ​ពេល​បញ្ចប់​នៃ​កិច្ចប្រជុំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×