វីដេអូនៃសកម្មភាពរបស់មន្ត្រីសន្តិសុខអាហ្រ្វិកខាងត្បូង ទាញទ្វារបិទ ដើម្បីរារាំងសមាជិកនៃគណៈប្រតិភូ ដែលអមដំណើរលោកប្រធានាធិបតីចិន Xi Jinping ខណៈពេលកំពុងរត់តាមមេដឹកនាំរបស់ខ្លួន នៅអាហ្វ្រិកខាងត្បូង បានកំពុងរីករាលដាល និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមការឲ្យដឹង ភ្នាក់ងារសន្តិសុខអាហ្រ្វិកខាងត្បូង បានធ្វើការបិទទ្វារបែបនេះ គឺដើម្បីរារាំងអ្នកក្រោមបង្គាប់របស់លោក Xi មិនឲ្យចូលទៅក្នុងកិច្ចប្រជុំកំពូល BRICS ឡើយ។
ជាក់ស្តែង តាមរយៈវីដេអូបានបង្ហាញនៅពេលដែលលោក Xi ដើរកាត់ទ្វារភ្លាម ស្រាប់តែមន្រ្តីសន្តិសុខអាហ្រ្វិកខាងត្បូង បានស្ទុះបិទទ្វារភ្លាមៗ ខណៈជំនួយការរបស់លោក Xi ប៉ុនប៉ងបំបែកចូលតាមមេដឹកនាំ។
នៅពេលនោះ សំឡេងរុញច្រាន ពីការបិទទ្វារនោះ ក៏បានធ្វើឲ្យមេដឹកនាំចិន ចាប់អារម្មណ៍ ដោយលោក Xi បានងាកក្រោយជាច្រើនដង នៅពេលគាត់ដើរលើកម្រាលព្រំក្រហមតែម្នាក់ឯង ដោយព្យាយាមមើលថាតើមានអ្វីកើតឡើងនៅពីក្រោយគាត់។
ទោះជាយ៉ាងណា ចិនមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយទេ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល BRICS បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី ២៤ ខែសីហា នៅទីក្រុង Johannesburg ដោយមានការចូលរួមពីមេដឹកនាំបរទេសជាង ៤០ រូប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង