Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​តំបន់​អភិរក្ស​ភ្នំ​បូកគោ​ក្នុងស្រុក​ទឹកឈូ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ

​កំពត ៖ យោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្មោច​ចោ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ បានអោយដឹងថា មាន​ជនខិលខូច​បាន​យក​គ្រឿងចក្រ ចូល​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ក្នុង​ដែន​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ដែល​នៅ​ខាងត្បូង​វត្ត​វាល​ពួច ភូមិ​ខ្មោច​ចោរ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ចំពោះ​ដី​នៅ​តំបន់​អភិរក្ស​នៅក្នុង​ដែន​ឧទ្យាន​ជាតិ ព្រះមុនីវង្ស​បូកគោ ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​មានជ​នណាម្នាក់​ចូល​មក​ទន្ទ្រាន​យក​នោះទេ ប៉ុន្តែ​ឈ្មួញ​ហាក់ដូចជា​ពុំ​ខ្លាច​ច្បាប់ និង​អាជ្ញាធរ ដែនដី​សោះឡើយ​។​

​ប្រភព​ខាងលើ​បាន​បន្ត​អោយដឹងទៀតថា ជន​ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​តំបន់​អភិរក្ស ត្រូវបាន​គេ​បង្ហើប​ឲ្យដឹងថា ឈ្មោះ ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​សកម្មភាព​ខាងលើនេះ ហើយ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ទន្ទ្រាន​តំបន់​អភិរក្ស​ខាងលើ​។​

​សកម្មភាព​ចូល​ទន្ទ្រាន និង​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​មិន​ញញើត​ដៃ​យ៉ាង​ដូច្នេះ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ម្តេច​បាន​ជា​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ ចុះ​ធ្វើ​ការហាមឃាត់​យ៉ាង​ដូច្នេះ ព្រោះ​សកម្មភាព​នេះ​ធ្វើឡើង​ជា​យូ​ណាស់​មកហើយ ដែល​ធ្វើ​ឲ្យ​ឈ្មួញ​កាន់តែ​បានចិត្ត ក្នុង​ការចូល​ទន្ទ្រាន​កន្លែង​អភិរក្ស​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​។ កន្លងមក​តាម​ប្រសាសន៍​របស់​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត គឺ​មិន​ឲ្យ​នរណា​ម្នាក់​ធ្វើការ​ទន្ទ្រាន​យក​ដី​តំបន់ភ្នំ សមុទ្រ ជា​សម្បត្តិ​របស់​រដ្ឋ​ជាដាច់ខាត​។​

​ទាក់ទិន​ករណី​ចោទប្រកាន់​បែបនេះ លោក ឈុន សារឿ​ន បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​ស៊ី​ភី​អិន នា​ថ្ងៃ​ទី​១៩ ខែកក្កដា នេះ​ថា ជា​ដី​របស់​លោក​អាស្រ័យ​ផល​មុន​ការអភិរក្ស​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​មាន​ការ​ដាំ​ស្វាយ តែ​ដោយសារ​គ្មាន​ផ្លូវ​ឆ្លងកាត់​ទើប​លោក​ស្នើសុំ​ឆ្លងកាត់​តែម្តង គឺ​តាំងពី​ខែប្រាំង រហូតមកទល់​ពេលនេះ​គឺ​គ្រឿងចក្រ​មាន​ខូច​ទើប​ទុក​នៅ​ទីនេះ​។ លោក​ក៏​បាន​បញ្ជាក់ថា គ្មាន​អ្នកណា​អនុញ្ញាត​ទេ តែ​ដោយសារ​មនោសញ្ចេតនា ទើប​គេ​ចេះ​តែ​បណ្តោយ​លោក​ទៅ​។​

​លោក នាក់ សុ​វណ្ណា​រី បាន​អភិបាលស្រុក​ទឹកឈូ បាន​ប្រាប់​នា​ល្ងាច​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ថា លោក​មិន​ទាន់​បាន​ជ្រាប​ជា​ព័ត៌មាន​នោះ​ទេ ដោយសារតែ​លោក​រវល់​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ ហើយ​កន្លងមក​ក៏​ធ្លាប់មាន​បញ្ហា​នេះ​ផង​ដែរ​ជាមួយ​ក្រុមហ៊ុន​សុខា តែ​ធ្លាប់​ធ្វើ​ការដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ លោក ស៊ុយ ធា ប្រធាន​មន្ទី​របរិស្ថាន​ខេត្តកំពត លោក​បាន​ឆ្លើយថា គេ​បំភ្លឺ​អស់​ហើយ​ម្តេច​ចាំ​សួរ​ទៀត រួច​បិទ​ទូរ​ស័ព្ទតែម្តង​។​

​ដោយឡែក​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បានឲ្យដឹងថា ឯកឧត្តម​បានឲ្យ​អាជ្ញាធរ​ទប់ស្កាត់ និង​បិទ​សិន បើសិន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង សុំ​ត្រួតពិនិត្យ​សិន ប្រសិនបើ​អាជ្ញាប័ណ្ណ​ក្នុង​ខេត្ត​ត្រូវ​លុបចោល ហើយ​ចំពោះ​អ្នក​ដែល​បន្ត​រំលោភ​យក​ទៀត ឯកឧត្តម​នឹង​ចាត់វិធានកា​រណ៍​យក​មក​ណែនាំ​បញ្ឈប់​តែម្តង​៕ ដោយ ៖ ដែនសីមា

×