កីឡាករថៃ Supachai Jaided និងមិត្តរួមក្រុម Rattanakorn Maikami ពេលធ្វើដំណើរត្រលប់ពីទីស្នាក់ការកណ្តាលរបស់ Buriram United បានឈប់រថយន្ត ដើម្បីជួយមនុស្សដែលជួបគ្រោះថ្នាក់នៅលើផ្លូវហាយវេក្នុងប្រទេសថៃ ទទួលបានការសរសើរជាច្រើន។
នៅល្ងាចថ្ងៃទី២៧ ខែសីហា កីឡាករ២រូបមកពីក្លឹប Buriram United បន្ទាប់ពីជួយក្រុមម្ចាស់ផ្ទះឈ្នះ Sukhothai FC ដោយពិន្ទុ ១-០ ក្នុងការប្រកួត Thai League ជុំទី៣ បានត្រឡប់មកផ្ទះវិញ។ Supachai Jaided និង Rattanakorn Maikami បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ហើយគាត់ និងមិត្តភក្តិក៏បានធ្វើសកម្មភាពដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញថៃ។
ខ្សែប្រយុទ្ធរបស់ប្រទេសថៃ Supachai Jaided និងជើងឯក SEA Games លើកទី29 Rattanakorn Maikami (សម្រាប់តែ U23 ថៃ) ត្រូវបានថតដោយអ្នកគាំទ្រឆ្លងកាត់ ហើយបង្ហោះនៅលើបណ្តាញសង្គម ខណៈបានជួយអ្នកដែលជាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅលើផ្លូវហាយវេក្នុងទីក្រុងបាងកក។ ប៉ុន្តែ សំណាងល្អ ជនរងគ្រោះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ទោះជាយ៉ាងណា ទង្វើមិនស្ទាក់ស្ទើរក្នុងការឈប់រថយន្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារក្រឡាប់រថយន្តនេះ ទទួលបានការចាប់អារម្មណ៍ និងសរសើរយ៉ាងច្រើន ពីអ្នកគាំទ្របាល់ទាត់ថៃ។ អ្នកគាំទ្រខ្លះបញ្ចេញមតិថា៖ «សកម្មភាពនេះគួរឱ្យសរសើរ, ខ្ញុំសូមអរគុណចំពោះទង្វើសង្គ្រោះមនុស្ស វាពិតជាគំរូដ៏ល្អណាស់»។
សូម្បីតែគេហទំព័រ Ball Thai ក៏បានវាយតម្លៃសកម្មភាពនេះ ជាមួយនឹងចំណងជើងថា «Superheroes ត្រឹមទង្វើមួយនេះ មិនចាំបាច់មានថាមពលពិសេសទេ»។
ឆ្លើយតបនឹងប្រព័ន្ធផ្សព្វផ្សាយ អំពីសកម្មភាពនេះ Supachai Jaided បាននិយាយថា «កាលពីយប់មិញនេះ រថយន្តបានក្រឡាប់នៅលើផ្លូវហាយវ៉េ ដោយគ្មានអ្នកណាម្នាក់ជួយទេ។ ដូច្នេះហើយ ពួកយើងបានសម្រេចចិត្តឈប់ដើម្បីជួយមនុស្ស ដែលជាប់ក្នុងឧបទ្ទវហេតុក្រឡាប់នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង