Saturday, August 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងទីម័រខាងកើត ចាប់ផ្ដើមពង្រឹងវិស័យទេសចរណ៍ មុនឈានទៅពង្រឹងវិស័យវប្បធម៌ និងកសាងទំនាក់ទំនងប្រជាជន

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣, ភាគីទាំងពីរ កម្ពុជា-ទីម័រខាងកើត បានឯកភាពគ្នាពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ការចុះអនុស្សរណៈនេះ គឺ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង លើកកម្ពស់វិស័យសេដ្ឋកិច្ច និងវប្បធម៌ កសាងទំនាក់ទំនងរវាងប្រជាជនឱ្យកាន់តែរឹងមាំ។ ក្នុងជំនួបពិភាក្សាគ្នានេះទៀតសោត គេគិតទាំងពីរ បានផ្ដោតលើសក្តានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរសម្រាប់អ្នកទេសចររវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសទីម័រខាងកើត លើការរៀបចំសកម្មភាពនានាក្នុងវិស័យទេសចរណ៍ ក៏ដូចជាការផ្លាស់ប្តូរមន្ត្រីជំនាញទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។

កម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសទីម័រខាងកើត សម្រាប់ការបន្តរក្សា និងពង្រឹងទំនាក់ទំនងទ្វេភាគីបានយ៉ាងល្អប្រសើរ ចាប់តាំងពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងមកដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។

លោក ហ្វ្រង់ស៉ីស្កូ កាល់បូឌីឡាយ បានថ្លែងថា ទីម័រខាងកើត ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ហើយបានរំលឹកផងដែរនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ តួយ៉ាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិចាស់មានសារៈសំខាន់ណាស់សម្រាប់ទីម័រខាងកើត ដោយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត កាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦ ថាបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×