កាលពីពេលកន្លងទៅថ្មីៗនេះ វីដេអូមួយបង្ហាញពីសកម្មភាពចោរម្នាក់ បន្លំខ្លួនធ្វើជាអ្នកអតិថិជន មកទិញទូរស័ព្ទដៃ តែប្រើល្បិចថ្មី បាញស៊ុបប្រាយទៅលើភ្នែកម្ចាស់ហាង ដើម្បីលួចទូរស័ព្ទដៃបានសម្រេច បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមនុស្សជាច្រើនដែលបានពិនិត្យមើលយ៉ាងល្អិតល្អន់ បាននិយាយថា ចោរនេះមិនខ្មែរទេ គឺជាជនបរទេស (ទំនងជាជនជាតិចិន) តែម្តង។
នេះបើតាមវីដេអូមានរយៈពេលជិត ១ នាទី ដែលកំពុងត្រូវបានមហាជនចែកចាយតៗគ្នា បានបង្ហាញបុរសជាចោរម្នាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវយឺតបង្អង់ (ស-ខ្មៅ) ពាក់មួកខ្មៅ ពាក់ម៉ាស់ និងពាក់វែនតា បានចូលមកធ្វើជាទិញទូរស័ព្ទនៅហាងទូរស័ព្ទមួយកន្លែង ដែលអ្នកលក់ជាស្រ្តី២នាក់ (ប្រហែលជាម្ចាស់ហាង និងកូនចៅ)។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ពីអ្នកលក់ បានទៅយករបស់អ្វីមួយចុងក្រោយទំនងដូចជា PowerBank ហើយត្រឡប់មកវិញ ហុចឲ្យ ស្រាប់តែទាញស៊ុបប្រាយ បាញ់ទៅលើភ្នែកលក់ជាបន្តបន្ទាប់មក រួចរត់គេចខ្លួនដោយសុវត្ថិភាព។
ពិតណាស់ ភ្លាមៗនោះ ស្រ្តីម្ចាស់ហាង ត្រូវបានឃើញបង្ហាញអាការផ្សារភ្នែកយ៉ាងខ្លាំង ប៉ុន្តែ គាត់បានព្យាយាមបើកភ្នែក ហើយរត់ដេញតាមចោរដៃឆើតនោះ ដោយស្រែកឆោឡោឡើងខ្លាំងថា៖ «ចោរៗ» ។ ទោះជាយ៉ាងណា ចោរបានដាក់មេប្រូចគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ខណៈស្រ្តីម្នាក់ទៀតប្រហែលជាកូនចៅ នៅតែបង្ហាញអាការផ្សារភ្នែកយ៉ាងខ្លាំង ដោយចុះពីកៅអីដើរសឹងមើលផ្លូវពុំឃើញនោះទេ។
តែយ៉ាងណាមិញ បើពិនិត្យតាមរយៈភិនភាគ និងស្តាប់ឮសំឡេងនិយាយ គេបានជឿថា ចោររូបនេះមិនមែនជាខ្មែរទេ គឺជាជនជាតិចិនតែម្តង។ ហេតុនេះ សូមបងប្អូនអាជីវករលក់ដូរ ជាពិសេសនៅតាមផ្ទះ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជនខិលខូចមិនអាចមើលដឹងបានទេ និងមានល្បិចគ្រប់វិធីសាស្រ្ត ក្នុងការលួចបន្លំ ដែលយើងគ្រប់គ្នាមិននឹកស្មានដល់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង