ស្វាយរៀង ៖ កាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៨ នៅភូមិ អង្គតាមោគ ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីប៉ុនប៉ងរំលោភសេពសន្ថវៈមួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ទិត្យ ថែ ភេទប្រុស អាយុ៣៥ឆ្នាំ គ្មានមុខរបរ រស់នៅក្នុងភូមិឃុំកើតហេតុ បានលបឡើងទៅលើផ្ទះរបស់នារីរងគ្រោះ ដែលមានផ្ទះនៅជាប់និងផ្ទះរបស់ខ្លួន ក្នុងបំណងចាប់រំលោភ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ នារីរងគ្រោះឈ្មោះ ស,ន អាយុ២០ឆ្នាំបានអោយដឹងថា នៅវេលាម៉ោងជាង៨យប់ពេលដែលនាងកំពុងតែគេងលក់ព្រោះទើបមកធ្វើការរោងចក្រអស់កំលាំងផង ក៏ស្រាប់តែលឺសូសម្លេងមនុស្សទាញបើកមុងរបស់នាង ព្រមទាំងមានធំខ្លិនបារីផង ទើបស្ទុះក្រោកឡើងហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះអោយជួយ។ក្រោយមានការស្រែកឆោឡោ ជនសង្ស័យក៏បានភ័យហើយបានរត់ចុះពីលើផ្ទះរបស់ជនរងគ្រោះយ៉ាងប្រញាប់ និងលោតផ្លោះរបងទៅពួនដេកនៅផ្ទះរបស់ខ្លួនធ្វើប្រងើយ។
ប្រភពខាងលើបានឱ្យដឹងទៀតថា ៖ ក្រោយទទួលបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបក៏បាន សហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិ បានចុះទៅធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនឈ្មោះ ទិត្យ ថែ មកសាកសួររួចបានឃាត់ខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅវេលារសៀលថ្ងៃទី១៩ ខែកក្តដាឆ្នាំ២០១៨នេះ ។
នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប៉ុនប៉ងរំលោភទៅលើនារីរងគ្រោះនោះពិតមែន ដោយសារខ្លួនលួចស្រលាញ់នាងតាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹង។ បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងចាត់ការបន្តតាមនិតិវិធីច្បាប់៕ វ៉ៃកូ