យោងតាមវីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញអ្នកដំណើរម្នាក់ ក្នុងចំណោមពីរនាក់ បានប្រើកាំបិត ដើម្បីចិតផ្លែឈើនៅលើយន្តហោះ នៃជើងហោះហើរមួយរបស់វៀតណាម យ៉ាងរំភើយ បើទោះបីជាអាកប្បកិរិយានេះត្រូវបានហាមឃាត់ក៏ដោយ។
ទាក់ទិននឹងករណីដ៏ហួសចិត្តនេះ នៅថ្ងៃទី២ ខែសីហា តំណាងក្រុមហ៊ុនអាកាសចរណ៍ ក៏បានបញ្ជាក់ពីអ្នកដំណើរពីរនាក់នោះ ស្ថិតនៅលើជើងហោះហើររបស់ខ្លួន ពីទីក្រុងហាណូយ ទៅ Nha Trang កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នាយកដ្ឋានសន្តិសុខនៃក្រុមហ៊ុនអាកាសចរណ៍ បានផ្ញើសេចក្តីជូនដំណឹងនេះ ទៅរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម, អាជ្ញាធរអាកាសយានដ្ឋានភាគខាងជើង និងអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីសម្របសម្រួល និងពិនិត្យឡើងវិញ ដើម្បីទប់ស្កាត់ករណីស្រដៀងគ្នានេះ មិនឲ្យកើតឡើងនាពេលខាងមុខ។ ជើងហោះហើរ ក៏បានធ្វើដំណើរដោយសុវត្ថិភាព ហើយបានចុះចតទាន់ពេលវេលានៅម៉ោង ១៣ និង៥០ នាទី ថ្ងៃទី ១ ខែសីហា នៅអាកាសយានដ្ឋាន Cam Ranh ខេត្ត Khanh Hoa ។
យោងតាមក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកដំណើរតែងតែត្រូវបានណែនាំអំពីរបស់របរ ដែលមិនត្រូវបានអនុញ្ញាត នៅលើជើងហោះហើរ នៅពេលឆែកឆេរនៅបញ្ជរពិនិត្យចូលរបស់ក្រុមហ៊ុនអាកាសចរណ៍។
ក្នុងករណីដែលអ្នកដំណើរដោយចេតនានាំយកវត្ថុគ្រោះថ្នាក់មកលើជើងហោះហើរ ដោយមិនជូនដំណឹងដល់ប្រតិបត្តិករ និងអង្គភាពជំនាញ ពួកគេត្រូវបានដោះស្រាយដោយយោងតាមក្រឹត្យលេខ 09/VBHN-BGTVT – បទប្បញ្ញត្តិស្តីពីការបំពានទណ្ឌកម្ម នៃរដ្ឋបាលក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
វត្ថុបង្កគ្រោះថ្នាក់ ក្នុងនោះជាពិសេស ឡាម កាំបិតចុច កាំបិតដែលមានផ្លែ ប្រវែងជាង ៦ សង់ទីម៉ែត្រ ឬមានប្រវែងសរុបនៃចំណុចទាញ និងផ្លែ លើសពី ១០ សង់ទីម៉ែត្រ ត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅក្នុងកាប៊ីនអ្នកដំណើរនៃយន្តហោះ ដែលជាតំបន់ហាមឃាត់ឡើយ។ ហេតុនេះ ប្រសិនអ្នកដំណើររូបនណាបំពាន នឹងអាចត្រូវពិន័យតាមក្រឹត្យលេខ ១៦២ ពិន័យជាប្រាក់ចន្លោះពី ៧ ទៅ ១០ លានដុង ឬ (ស្មើពីជិត ៣០០ ដុល្លារ ទៅជាង ៤០០ ដុល្លារ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង