Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​បោក​ព្រះសង្ឃ​បែប​ថ្មី! សូម​ប្រគេន​ព្រះសង្ឃ​គ្រប់​អង្គ និង​ញាតិ​ញោម​ប្រុ​ស​ៗ ប្រយ័ត្ន​ចាញ់បោក​គេ ខូច​កិត្តិយស​ពេញ​ហ្វេ​សប៊ុ​ក ដោយសារតែ​ល្បិច​នេះ…

កាលពីពេលថ្មីៗនេះ មហាជន និងប្រជាពុទ្ធបរិស័ទ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ចៅអធិការវត្តអូរដំណាក់កន្សែង បានចេញវីដេអូផ្តាំទៅញាតិញោមប្រុសៗ និងក៏ដូចព្រះសង្ឃដទៃ ត្រូវមានការប្រុងប្រយ័ត្នឲ្យមែនទែន ចំពោះល្បិចបោកថ្មីរបស់ជនខិលខូច តាមរយៈវិធីធ្វើជាទីទ័លក្រខ្លាំង និងបន្ទាប់មក គំរាមកាត់តភ្ជាប់រូបភាពអាសអាភាស ដើម្បីជំរិតទារប្រាក់ដ៏មិននឹកស្មានដល់។

នេះបើតាមចៅអធិការវត្តខាងលើ ដែលមានព្រះនាម ម៉ៅ និមល បានមានសង្ឃដីកាចែករំលែកឲ្យញាតិញោមក្នុងបណ្តាញសង្គម បានដឹងយ៉ាងដូច្នេះថា ជាដំបូង ជនខិលជាខូចជាមនុស្សស្រីនោះ បានខលតាមឆាតដោយដាក់ក្នុង Profile រូបយំសោក ដោយបានប្រាប់ថា ខ្លួនជាអ្នកខេត្តព្រៃវែង បានកំពុងជួបការលំបាកយ៉ាងខ្លាំង ព្រោះម្តាយទើបស្តាប់ ហើយឥឡូវនេះប្តីក៏បានស្លាប់ចោលទៀត ពុំមានទឹកដោះគោឲ្យកូនបៅទេ ហេតុនេះសូមឲ្យព្រះអង្គមេត្តាជួយមួយពេលផងចុះ។

ដោយចង់ដឹង ចៅអធិការក៏បានសុំមើលពីទីកន្លែងស្ថានភាពរស់នៅ ស្រាប់តែឃើញផ្ទះសឹងចង់ប៉ុនសាលាឆាន់លោក។ ទោះជាយ៉ាងណា ដោយសារជននោះបានលើកហេតុផលថាប្តីស្លាប់ ពុំមានលទ្ធភាពទិញទឹកដោះគោ១កំប៉ុង ៨ ម៉ឺនរៀលទេ ព្រះសង្ឃក៏ចិត្តមិនដាច់ តែសុំជួយជាបច្ច័យត្រឹម៥ម៉ឺនរៀល ស្រាប់តែបន្ទាប់មក បានផ្ញើរូបអាសអាភាស១សន្លឹកឲ្យមើល។ តែដោយឃើញបែបនេះ ព្រះអង្គក៏បាន Block ចោល។

ព្រះអង្គបន្តថា បន្ទាប់ Block ចោល ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានគ្នីគ្នាម្នាក់ទៀត បានឆាតមក ដោយនិយាយថា ប្រញាប់បាញ់លុយឲ្យគេទៅ ប្រយ័ត្នដូចខ្លួន ដែលត្រូវបានគេយករូបទៅបង្ហោះជាមួយរូបអាសអាភាសផងដែរ។ នៅពេលមកជំរុញហាក់ដូចបានដឹងរឿងបែបនេះ ព្រះអង្គក៏បាន Block ចោលទៀត។ ទោះជាយ៉ាងណា បន្ទាប់មក ក៏បានខលមកតាមលេខទូរស័ព្ទ ដោយបានគំរាមថា បើមិនបាញ់លុយឲ្យទេ នឹងយករូបកាត់តជាមួយរូបអាសអាភាសបង្ហោះពេញបណ្តាញសង្គម ឲ្យខូចកិត្តិយសលែងបានបួសតែម្តង ចាំតែមើលទៅ។

ទោះជាយ៉ាងណា បន្ទាប់ពីបានគំរាមបែបនេះ ព្រះអង្គក៏បានរាយការណ៍អំពីរឿងនេះ ទៅគណៈកម្មការវត្ត និងក៏ដូចព្រះអង្ក ឲ្យបានដឹង ការពារទុកជាមុន ប្រសិនបើជនខិលខូចនោះ ពិតជាបានធ្វើរឿងមែន។ ហើយទន្ទឹមនឹងជួបបទពិសោធន៍ដ៏គួរឲ្យហួសចិត្តនេះ ព្រះអង្គក៏បានផ្តាំទៅញាតិញោមប្រុសៗ និងក៏ដូចព្រះសង្ឃដទៃ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះជនខិលខូចសព្វថ្ងៃនេះ មានល្បិចបោកច្រើនណាស់ មិនលើកលែងសូម្បីតែព្រះសង្ឃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×