វីដេអូមួយ ដែលដំបូងឡើយ គេបានស្មានតែមនុស្សដេញវាយអ្វីក្នុងទឹក ប៉ុន្តែ នៅពេលពិនិត្យមើលឲ្យជាក់ ទើបដឹងថា មនុស្សវាយគ្នា ហើយក៏ត្រូវបានដឹងគួរឲ្យហួសចិត្តថា បានកើតឡើងរវាងអ្នកទៅធ្វើបុណ្យព្រលែងត្រី និងអ្នកជិះទូករង់ចាំឆក់ត្រី បានធ្វើឲ្យផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ការប៉ះទង្គិចគ្នារវាងមនុស្សពីរក្រុមនោះ បានកើតឡើងនៅផ្នែកនៃទន្លេ Saigon ក្បែរវត្ត Dieu Phap សង្កាត់13 ស្រុក Binh Thanh (ទីក្រុងហូជីមិញ) ហើយវីដេអូនៃហេតុការណ៍នេះ ត្រូវបានចែករំលែកថ្ងៃទី៣១ ខែសីហា បានបង្កឲ្យមានការពិភាក្សាវែកញែកឡើងក្តៅគគុក នៅលើបណ្តាញសង្គមវៀតណាម។
បើតាមអ្នកបង្ហោះឃ្លីប បានឲ្យដឹងថា នៅវេលាកើតហេតុនោះ មានមនុស្សមួយក្រុម កំពុងទៅលែងត្រីនៅមាត់ទន្លេក្បែរវត្ត ហើយមនុស្សមួយក្រុមទៀត បានជិះទូកទៅឆក់ត្រី។ ឃើញដូច្នេះ បុរសពាក់អាវស បានស្ទុះទៅវាយតប់ជាមួយក្រុមមនុស្សនៅលើទូក ខណៈនារីម្នាក់បានចាប់អូសទូករបស់គូប្រកួត ហើយព្យាយាមវាយបកវិញ។
ចំណែកមនុស្សមួយចំនួនទៀត ដែលឈរនៅលើច្រាំងទន្លេ ក៏បានគប់ដុំថ្មចូលទៅក្នុងទន្លេ ដើម្បីបង្ហាញប្រតិកម្មទៅនឹងអាកប្បកិរិយារបស់ក្រុមដែលជិះទូក និងព្យាយាមចាប់ត្រី។
ក្រោយវីដេអូនៃហេតុការណ៍នេះ បានផ្ទុះឡើង តំណាងគណៈកម្មាធិការប្រជាជនសង្កាត់លេខ១៣ ស្រុក Binh Thanh បានឲ្យដឹងថា អង្គភាពបានទទួលអំពីព័ត៌មាននេះ និងកំពុងផ្ទៀងផ្ទាត់ និងបំភ្លឺនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង