ប្តីប្រពន្ធ២នាក់ នៅប្រទេសចិន បានធ្លាក់ក្នុងសភាពទីទ័ល និងអស់សង្ឃឹមដល់ថ្នាក់ប្រើប្រាស់វិធីស៊ីស្មៅនៅចិញ្ចើមថ្នល់ ដើម្បីស្វែងរកវិធីសង្គ្រោះកូនអាយុ៩ឆ្នាំ កំពុងមានជំងឺជាទម្ងន់។
ចាប់ផ្តើមពីការលក់អស់ទ្រព្យសម្បត្តិរហូតដល់ដើរខ្ចីបុលប្រាក់កាក់ ប្តីប្រពន្ធមួយគូនេះត្រូវបានច្រានដល់ជំហានចុងក្រោយបង្ខំចិត្តធ្វើរឿងដ៏សែនខ្លោចផ្សារមួយសុំឧបត្ថម្ភការដាក់ទាន។
ពួកគេឲ្យដឹងថា អ្វីៗដែលពួកគេមានត្រូវបានរលាយអស់ក្រោយពីចំណាយប្រមាណ ៧៥.០០០ដុល្លារ សម្រាប់ថ្លៃថ្នាំ និងព្យាបាលជំងឺមហារីកឈាមរបស់កូន។ មួយផ្នែកក្នុងនោះជាផ្នែកខ្ចីបុលដែលមានការប្រាក់ខ្ពស់។
អ្នកទាំង២សុំការជួយឧបត្ថម្ភពីសំណាក់អ្នកដំណើរ ហើយពួកគេនឹងធ្វើឲ្យអ្នកទាំងនោះសប្បាយតាមរយៈការចាប់យកស្មៅពីគំនរស្មៅដែលពួកគេលុតជង្គង់លើមកបរិភោគ ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយឆាណែល Pea វីដេអូ ស្ត្រីជាម្តាយ Xiang Weiling និយាយថា ប្តីប្រពន្ធនាងពុំមានសមត្ថភាពសម្តែងអ្វីដើម្បីទាក់ទាញសប្បុរសជន ហើយការស៊ីស្មៅជាវិធីដ៏ប្រសើរបំផុតដែលគេធ្វើសម្រាប់ជាកិច្ចអរគុណ។ Weiling ចែករំលែកថា កូនប្រុសនាងទោះបីទើបមានអាយុ៩ឆ្នាំ តែបានយល់ដឹងថា ខ្លួនកំពុងមានជំងឺធ្ងន់ធ្ងរ ហើយពិតជាអម្រែកមួយយ៉ាងធ្ងន់ចំពោះឪពុក។ គ្រាឃើញឪម្តាយអស់លុយដែលខំសន្សំទុកដើម្បីព្យាបាលជំងឺរបស់ខ្លួន ក្មេងប្រុសនេះបាននិយាយតិចណាស់ជាមួយម្តាយ “ពុកម៉ែ” ចូរបំភ្លេចកូនទៅ “បង្កើតកូនមួយផ្សេងទៀតទៅ” ។
រឿងរ៉ាវដ៏សែនខ្លោចផ្សាររបស់ប្តីប្រពន្ធ២នាក់នេះ បានរាលដាលយ៉ាងលឿននៅប្រទេសចិន តាមរយៈវីដេអូរស្តីពីពួកគេ កាលពីថ្ងៃ ៥/១១ អ្នកទាំងឡាយបានសំឡឹងឃើញពួកគេស៊ីស្មៅដើម្បីសុំលុយ នៅខេត្ត ហ៊ីប៉ី ភាគខាងជើងប្រទេសចិន។
កូនប្រុសរបស់ពួកគេបានឆ្លងកាត់ដំណាក់កាលប្តូរខួរឆ្អឹងខ្នង ប៉ុន្តែសួតរបស់វាបែរជាពុំទទួលយកបណ្តាកោសិកាថ្មី ជាហេតុនាំឲ្យកើតការឆ្លងមេរោគ។ ប្តីប្រពន្ធ២នាក់នេះ ឲ្យដឹងថា កូនប្រុសពួកគេត្រូវការព្យាបាលបន្ថែមទៀត តែពួកគេបានអស់លុយ។
បុគ្គលិកម្នាក់នៃមន្ទីរពេទ្យ Wanda នាខេត្តHybei -កន្លែងដែល Kuang Han កំពុងព្យាបាល បានបញ្ជាក់ពីស្ថានភាពពិតរបស់ប្តីប្រពន្ធ២នាក់នេះ ទៅ Pea វីដេអូ។
រឿងរ៉ាវរបស់គ្រួសារនេះបានធ្វើឲ្យពលរដ្ឋចិនមានការអាណិតអាសូយ៉ាងខ្លាំង។ មានមតិយោបល់ជាង ១០ម៉ឺន ត្រូវបានសរសេរនៅលើ 163.com ។ មនុស្សជាច្រើនដែលមានសុឆន្ទៈពួកគេបានជូនលុយតាមលទ្ធភាពដល់ប្តីប្រពន្ធ២នាក់នេះ ហើយផ្តាំគេឲ្យរក្សាសុខភាពផង។
នៅពេលដែលឆាណែល mail online បានទាក់ទងជាមួយស្ត្រីជាម្តាយនោះនាងបានបដិសេធត្រង់ៗ ហើយបកស្រាយថា កូនប្រុសរបស់ពួកគេពុំបានដឹងថា ដើម្បីខ្លួនឪពុកម្តាយបានដើរសុំលុយតាមដងវិថីបែបនេះឡើយ ។ នាងខ្លាចបែកធ្លាយរឿងរ៉ាវដឹងដល់កូនតាមរយៈទូរទស្សន៍៕ សូយន