Monday, June 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រើប្រាស់ហ្វេសប៊ុកឡើងវិញ គួបផ្សំជាមួយ twitter, YouTube, TikTok Telegram, instagram បន្ទាប់ក្រុមហ៊ុនមេតា ផ្តល់យុត្តិធម៌ជូនសម្តេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេចឡើងវិញ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើឡើងដូច្នេះថា៖«បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok, Telegram , instagram, បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ»។

ជាមួយនឹងការប្រើប្រាស់ឡើងវិញនេះ សម្តេចតេជោ បានសង្ឃឹមថាក្រុមហ៊ុន​Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជា នោះឡើយ។ សម្តេចក៏សង្ឃឹមដែរថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ (តួរលេខផ្នែកពន្ធដារ)។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ នៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយ TikTok និង Telegram»។

សម្តេចក៏បានអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្តេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីចៀសវាងការភ័យច្រឡំ។

លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណបងប្អូនអ្នកគាំទ្រសម្តេចតេជោប្រើប្រាស់ Facebook ឡើងវិញ
ខ្ញុំពិតជារីករាយជាមួយនឹងការសាទរចំពោះក្រុមហ៊ុន Facebook ដែលបានសម្រេចចិត្តមិនផ្អាកបង្កការរំខានដល់ផេក “Samdech Hun Sen of Cambodia”។ ការសម្រេចចិត្តនេះគឺបានបង្ហាញពីឆន្ទះច្បាស់លាស់និងចេតនាល្អរបស់ក្រុមហ៊ុនដែលចង់ឃើញ សម្តេចតេជោ ហ៊ុន សែន បន្តប្រើប្រាស់ Facebook ឡើងវិញដែលមានអ្នក Followers ជាង១៤លាននាក់។ ពិតណាស់ ការប្រើប្រាស់របស់សម្តេចគឺមានប្រយោជន៍ធំធេងសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិដែលប្រសើរជាងការផ្អាកទុកចោល។

លោកបានបន្តថា បានត្រៀមរៀបចំ Page “ Samdech Hun Sen of Cambodia” ប្រគល់ជូនសម្តេចតេជោ ដើម្បីប្រើប្រាស់ជាផេកផ្លូវការរបស់សម្តេចឡើងវិញចាប់ពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២៣ ស្របទៅនឹងការទទូចស្នើសុំពីសំណាក់បងប្អូនកូនក្មួយប្រជាពលរដ្ឋដែលចង់អោយសម្តេចប្រើប្រាស់ Facebook ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និង ទទួលដំណឹងផ្សេងៗពីប្រជាពលរដ្ឋដោយផ្ទាល់។ សូមអរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រសម្តេចឲ្យបន្តប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញដើម្បីជាប្រយោជន៍ដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ខ្ញុំបាទសូមគោរពជូនពរសម្តេចតេជោកម្ពុជាមានសុខភាពល្អបរិបូណ៍ និងជន្មាយុយឺនយូរបំផុតដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋខ្មែរ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។

សូមរំលឹកថា ក្រុមហ៊ុន Meta Platform Inc. បានសម្រេចមិនដាក់ពិន័យចំពោះ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន តាមការស្នើរបស់សមាជិកក្រុមប្រឹក្សាត្រួតពិនិត្យនោះឡើយ ហើយក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃ ក្រុមហ៊ុន Meta Platforms Inc, ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

១. ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platforms Inc.។
២. ការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

៣.ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជា តទៅទៀត។

៤. ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលបានផ្តល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

(
×