ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអំពាវដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេចរ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់ ឬមិនត្រូវចុអងូតទឹកសមុទ្រនោះទេ នៅពេលមានរលកសមុទ្របោកបក់ធំៗ។
លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ ឲ្យដឹងថា មានបុរសជនជាតិខ្មែរម្នាក់ ត្រូវបានគេជួយសង្គ្រោះពីការលង់ទឹកសមុទ្រទាន់ពេល ក្រោយពីជនរងគ្រោះចូលលេងទឹកសមុទ្រនៅឆ្នេរឯករាជ្យ ហើយត្រូវរលកបោកផ្ទប់ នៅម៉ោងជិត ៦ល្ងាចថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៨ នៅគ្រាសមុទ្រមានរលកខ្លាំង។
លោកស្នងការបន្តទៀតថា ដើម្បីការពារសុវត្ថិភាពទូទៅ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សមត្ថកិច្ចនគរបាល បានចេញបំរាមមិនឲ្យពលរដ្ឋ ឬអ្នកទេសចរ ចុះលេងទឹកសមុទ្រ នៅពេលមានរលកខ្លាំងៗនោះទេ។
លោកបន្តថា ដើម្បីការពារអាយុជីវិត របស់ប្រជាពលរដ្ឋ កងនគរបាលល័តបានមកហាមឃាត់ដោយផ្ទាល់ផង ប៉ុន្តែនៅតែមានអ្នកជំនះចុះលេងទឹក ហើយខ្វះការប្រុងប្រយ័ត្ន និងគ្មានឧបករណ៍ការពារជាប់ខ្លួនដូចជាអាវពោងជាដើម ទើបបង្កឲ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់កន្លងមក។
គួររំលឹកថា កាលពីព្រលប់ថ្ងៃម្សិលមិញក៏មានបុរសជាកម្មករជនជាតិចិនម្នាក់បានបាត់ខ្លួននៅឆ្នេរសមុទ្រកន្ទុយនាគ ជាប់សណ្ឋាគារសុខា ក្រុងព្រះសីហនុ។ ហើយថា ពេលចុះលេងទឹកជាមួយមិត្តភក្តិ ហើយពេលនេះ សមត្ថកិច្ចនគរបាលបានរកឃើញសពជនរងគ្រោះហើយ៕ ដោយ ៖ ដែនសីមា